មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថាប្រសិនបើគ្មានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះគឺដីព្រៃតំបន់អភិរក្សជីវៈចម្រុះខាងក្រៅទំបន់វារីអគ្គិសនីសេសានក្រោម2 ឃុំភ្លុក ស្រុកសេសាន ត្រូវក្លាយជាកម្មសិទ្ធិឯកជនទាំងស្រុងជាក់ជាមិនខាន។
ដោយហេតុថាមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូលលុយ ដូចដែលមេខ្លោងទាំង4នាក់់នោះអួតអាងប្រាប់ប្រជាពលរដ្ឋ។
ដូច្នេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនគួរមើលរំលងតទៅទៀតនោះទេ ក្នុងខណៈដែលដីព្រៃរបស់រដ្ឋនៅឃុំភ្លុក ស្រុកសេសាន រងការទន្ទ្រានកាន់កាប់យ៉ាងរាលដាល ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថាបច្ចុប្បន្នមានបុគ្គល4នាក់គ្រៀងងគរប្រជាពលរដ្ឋពីចំណុចអូរសេវ អូរចំបក់ ឃុំភ្លុក ស្រុកសេសាន ឲ្យទៅកាប់ទន្ទ្រានដីព្រៃតំបន់អភិរក្សជីវៈចម្រុះខាងក្រៅទំនប់វារីអគ្គិសនីសេសាន ក្រោម2យ៉ាងពេញទំហឹងតែម្តង។
មេខ្លោងទាំង4នាក់ដែលគ្រៀងងគរប្រជាពលរដ្ឋឲ្យធ្វើសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋយ៉ាងគឃ្លើននោះគឺមានឈ្មោះ សេន ស្លេស , ឈ្មោះ ង៉េត, ឈ្មោះ ឈុនសែ , ឈ្មោះ ធា ហើយមិនទាន់ឃើញមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរចាត់វិធានការទប់ស្កាត់នៅឡើយ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់ករណីទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋក្នុងឃុំភ្លុក ស្រុកសេសាន ជាបន្ទាន់។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា បើគ្មានការឃុបឃិតពីមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុកទេនោះគឺបុគ្គលទាំង4នាក់ មិនអាចកៀងគរប្រជាពលរដ្ឋឲ្យទន្ទ្រានកាន់កាប់ដីព្រៃតំបន់អភិរក្សជីវៈចម្រុះនៅខាងក្រៅទំនប់វារីអគ្គិសនីសេសាន ក្រោម2 តាមអំពើចិត្តបានឡើយ។
ជាក់ស្ដែងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏ដូចជាមេឃុំភ្លុក និងអភិបាលស្រុកសេសាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានប៉ះពាល់បុគ្គលទាំង4នាក់នេះទេ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រការនេះហើយទើបបុគ្គលឈ្មោះ សេន ស្លេស, ឈ្មោះ ង៉េត, ឈ្មោះ ឈុន សែ និងឈ្មោះ ធា អួតអាងប្រាប់ប្រជាពលរដ្ឋថាពួកគេមិនខ្លាចសមត្ថកិច្ចធ្វើការបង្ក្រាបទេ ព្រោះពួកគេបង់លុយរួចហើយ។