សេចក្តីរាយការណ៍ពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ដោយសារមានលោក ម៉ឹង យូឡេង ជាបង្អែកដ៏រឹងមាំ ទើបលោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ3 ស្រុកកណ្ដាលស្ទឹង អាចប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន។
ហេតុនេះហើយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនគួរមើលរំលងតទៅទៀតនោះទេ។
ប្រភពសិទ្ធិនិងលោក ម៉ឹង យូឡេង បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំ ទើបរក្សាតំណែងជាប្រធានមន្ទីរសាធារណការខេត្តកណ្ដាល យ៉ាងរំភើយ ហើយបណ្ដោយឲ្យលោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ3 ប្រព្រឹត្តអំពើពុករលួយ។
រឿងអាស្រូវពុករលួយរបស់លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ3 ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបែរជារក្សាភាពស្ងៀមស្ងាត់។
បើតាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ការដែលលោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ3 ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយគឺដោយសារមានការបើកដៃពីលោក ម៉ឹង យូឡេង ដែលជាចៅហ្វាយនាយតែម្ដង។
ប្រសិនបើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ទេនោះគឺលោក ចេង ឃីម មិនហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត របស់ខ្លួននោះទេ។
ប្រភពពីក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ3 និងបក្ខពួកដែរ។
ចំណែករថយន្តធំៗសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉ក ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ3 ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង តាមអំពើចិត្តឲ្យតែបង់លុយតាមការកំណត់។
ជាងនេះទៅទៀតលោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ3 តែងតែប្រើឈ្មោះលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីបិទបាំងទង្វើរបស់ខ្លួន។