កំពង់ចាម ÷ ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ករណីល្បែងបញ្ជល់មាន់ និង វង់អាប៉ោង កំពុងបើកលេងក្នុងចម្ការចេក យ៉ាងពពាក់ពពូន នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ គឺមានការបើកដៃពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានគិតតែរឿងប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ជាក់ស្ដែងនៅពេលដែលល្បែងស៊ីសងខុសច្បាប់ កើតឡើងយ៉ាងរាលដាលបែរជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុក សម្ងំស្ងាត់ឈឹង ហើយអ្នកញៀនល្បែងបានចូលរួមលេងល្បែង យ៉ាងគគ្រឹងគគ្រេង។
មេល្បែងស៊ីសងខុសច្បាប់បានអួតអាងប្រាប់ក្រុមអ្នកញៀនល្បែងឲ្យមានទំនុកចិត្តថា ពួកគេរត់ការគ្រប់លំដាប់ថ្នាក់អស់ហើយដូច្នេះគ្មានសមត្ថកិច្ចណាចុះមកបង្ក្រាបឡើយ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងចម្ការចេកមួយកន្លែងមានគេបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងដំណើរការយ៉ាងរលូន ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងកុះកររាល់ថ្ងៃ សមត្ថកិច្ចពាក់ព័ន្ធ សម្ងំទទួលលាភសក្ការះ ជាថ្នូរមិនបង្ក្រាប។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មពូន និងលោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ព្រមទាំងអភិបាលស្រុកព្រៃឈរ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។
បញ្ហានេះកំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចគឺផ្ដើមចេញពីល្បែងបញ្ជាល់មាន់ និងវង់អាប៉ាងទាំងនោះ។
ដោយសារព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅភូមិទួលថ្ម ឃុំថ្មពូន ជាបន្ទាន់។
ប្រជាពលដ្ឋ បានរិះគន់ចំៗថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មពូន និងលោក កែវ ស៊ាងហ៊ាន់ មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចនោះទេ។
ផ្ទុយទៅវិញនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មពូន និងលោក កែវ ស៊ានហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុក ៕