ព្រៃវែង ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកស្វាយអាង៉ោង បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទីចូលលេងល្បែងយ៉ាងពពាក់ពពូនគ្មានញញើតអ្វីទាំងអស់។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុក ជាពិសេសលោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក មិនហ៊ានទៅក្បែរកាស៊ីណូនៅច្រកស្វាយអាង៉ោង នោះទេ ព្រោះអីម្ចាស់កាស៊ីណូមានខ្នងបង្អែកក្រាស់ទើបអាចធ្វើអ្វីៗតាមអំពើចិត្ត។
ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ សម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗទៀតយ៉ាងភ្លូកទឹកភ្លូកដី។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូនៅច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង យ៉ាងពេញបន្ទុក។
រីឯលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង មិនចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់ម្ចាស់កាស៊ីណូនៅច្រកស្វាយអាង៉ោង នោះទេ។
ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗគូរឲ្យកត់សម្គាល់ថែមទៀតផង៕