ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ឌី ជាមេល្បែងស៊ីសងបានអួតអាងប្រាប់អតិថិជន របស់ខ្លួនថា ខ្លួនបានរត់ការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រប់ច្រកល្ហកអស់ហើយដូច្នេះគ្មានសមត្ថកិច្ចណាមកបង្ក្រាបទេ។
ហេតុនេះហើយទើបមេការសង្វៀនបញ្ជល់មាន់ឈ្មោះ អុន និងឈ្មោះ យ៉ាន់ អាចដំណើរការល្បែងបញ្ជល់មាន់ក្នុងភូមិជើងទឹក ឃុំរំចេក ស្រុកព្រះស្ដេច តាមអំពើចិត្តគ្មានខ្លាចក្រែង សមត្ថកិច្ចពាក់ពន្ធ័អ្វីទាំងអស់។
រីឯនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរំចេក និងលោក ជៃ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្ដេច ព្រមទាំងអភិបាលស្រុកព្រះស្ដេច មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។
ប្រជាពលរដ្ឋនៅភូមិជើងទឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានសម្ដែងសេចក្ដីព្រួយបារម្ភ យ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាល ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុក មិនចាត់វិធានការទប់ស្កាត់ឡើយ។
ប្រជាពលរដ្ឋក្នុងភូមិជើងទឹក បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ ឌី បើកសង្វៀនបញ្ជល់មាន់ខ្នាតធំដំណើរការយ៉ាងរលូន ហើយមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។
បញ្ហានេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំរំចេក ស្រុកព្រះស្ដេច ជាបន្ទាន់។
ដោយសារព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំរំចេក ឲ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងសន្តិសុខសង្គម។
ប្រជាពលរដ្ឋបានលើកឡើងថា សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចនោះឡេីយ។
ហេតុនេះហើយទើបបុគ្គលឈ្មោះ ឌី ព្រមទាំងបក្ខពួកឈ្មោះ អុន និងឈ្មោះ យ៉ាន់ អាចបើកសង្វៀនបញ្ជល់មាន់ក្នុងភូមិជើងទឹក ឃុំរំចេក ពេញទំហឹង។