កណ្តាល ÷ ប្រភពស្និទ្ធនឹងលោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៣ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន ជារៀងរាល់ថ្ងៃ ដោយាសារ លោក ចេង ឃីម យកឈ្មោះ លោក ម៉ឹង យូឡេងប្រធានមន្ទីសាធារណការខេត្ត កណ្តាលដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួលទៀតផង។
សេចក្តីរាយការណ៍ពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៣ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្ខពួកដែរ។
ចំណែករថយន្តធំៗសណ្តោងកន្ទុយ សណ្តោងរ៉ឺម៉កផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹង យ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍។
ដោយឡែកលោក លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ត្រូវបានគេឲ្យដឹងថា ជាអ្នកបណ្តោយឲ្យមន្ត្រីនៅប្រចាំស្ថានីយ៍ជញ្ជីង ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត។
តាមការបង្ហើបពីមន្ត្រីអត់លិឌប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ខេត្តកណ្តាល មួយចំនួនបានឲ្យដឹងថា ទាល់តែមានការបើកដៃពីសំណាក់លោក លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្តាល់ស្ទឹង ខេត្តកណ្តាល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
បញ្ហានេះជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរចាត់វិធានការទប់ស្កាត់ខ្លះផង។
ដោយហេតុថា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ ហើយប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយដោយគ្មានញញើតអ្វីឡើយ។