ព្រះវិហារ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិបង្កន ឃុំរៀបរយ ខេត្តព្រះវិហារ បានបញ្ជាក់ថាឲ្យ រស្មីឯករាជ្យ ដឹងថា ឈ្មួញធំៗ ជ្រកក្រោមក្រុមហ៊ុន PNT កំពុងរង់ការកាប់បំផ្លិចបំផ្លាញព្រៃឈេីនៅតំបន់ព្រៃឡង់ ឆ្លងកាត់ទៅ អូងាវ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ រីឯមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
ជាក់ស្តែងបងប្អូន អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ សង្ស័យមន្ត្រីជំនាញទាំងនោះ ឃុបឃិតគ្នាជាប្រព័ន្ធទេដឹង មិនចាត់វិធានការបង្ក្រាបនិងពិបាកទាក់ទង ព្រោះតំបន់នោះមិនសូវមានសេវ៉ា ឬតេចូលក៍មិនលេីកទូរស័ព្ទដែរ។
មជ្ឈដ្ឋានខាងក្រៅ! បានរិះគន់ចំៗថា បើក្រុមហ៊ុន PNTហៅ៩៧ ប្រហែលមានខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងត្រូវរ៉ូវ ជាមួយស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ ជាអ្នកបេីកភ្លេីងខៀវ ទេីបហ៊ានគ្រៀងគរពលរដ្ឋឲ្យខ្មែរ ចូលកាប់ព្រៃឈេីយ៉ាងរង្គាល គ្មានការទប់ស្កាត់ពីសំណាក់ អាជ្ញាធរមូលដ្ឋាន។
លើសពីនេះទៅទៀតសកម្មភាព ក្រុមឈ្មួញដែលមកសុីស្នួលអោយក្រុមហ៊ុន PNT ចូលកាប់ឈើ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះបានយ៉ាងរលូន បន្ទាប់ពីប្រមូលឈើដឹកជញ្ជានតាមគោយន្តកន្ត្រៃយ៍រួចហើយ បន្តលើកដាក់ក្នុងរថយន្តធំៗ ចំនួន ០៤គ្រឿង ដូចមាននៅក្នុងរូបភាពស្រាប់ ចេញតាមក្រុមហ៊ុនចំការកៅស៊ូ ជាប់ខេត្តព្រះវិហារ ទៅយ៉ាងសុខស្រួលបំផុត គ្មានមន្ត្រីជំនាញហ៊ានប៉ះពាល់នោះទេ ។
ផ្ទៃដីវិនិយោគប៉ុណ្ណាទៅ ! របស់ក្រុមហ៊ុន PNT នេះនៅមានឈើ កាប់បន្តទៀតពិតប្រាកដមែនដែរឬទេ? បើយោងទៅតាមការចោទសួរនិងចម្ងល់ពីមហាជនពិសេសប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ជាប់ៗគ្នាទាំងនោះ បានចោទសួរសមត្ថកិច្ចពាក់ពន្ធ័មូលដ្ឋាន យ៉ាងចាស់ដៃ។
ប្រជាពលរដ្ឋ រស់ភូមិបង្កន ឃុំរៀបរយ អំពាវនាវនិងទទូចដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមផ្ទៃប្រទេស និងជាគណះកម្មាធិការថ្នាក់ជាតិ ដេីម្បីបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ចាត់មន្ត្រីក្រោមឱវាទ ក្នុងខេត្តព្រះវិហារចុះពិនិត្យ ទីតាំងក្រុមហ៊ុនPNT បើមិនដូច្នោះព្រៃឈើនៅសេសសល់បន្តិចបន្តួច ត្រូវរងការវិនាសហិនហោចអស់ ក្រោមស្នាដៃក្រុមហ៊ុននេះ មិនខាន់ឡើយ៕