នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី២០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងពិធីនេះ មានឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងស្រុករំដួល លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១.២០០នាក់ ។
សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល ត្រូវបានសាងសង់ដោយចំណាយអស់ថវិកា ប្រមាណ ៥៦ម៉ឺនដុល្លារ ដែលជាថវិកាកសាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា តាមរយៈ ឯកឧត្តមនាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន និង សប្បុរសជន ៕