ភ្នំពេញ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យ រស្មីឯករាជ្យ ដឹងថា ក្នុងខណ្ឌ៧មករា ចំណុចបរិវេណបណ្តោយផ្លូវ ១៣៩ សង្កាត់វាលវង់ មានទីតាំងលេងល្បែងភ្នាល់ទឹកភ្លៀង យ៉ាងពពាក់ពពូន ចំកណ្តាលក្រុងភ្នំពេញ ដោយឡែកសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈជាថ្នូរ មិនហ៊ានចាត់វិធានការបង្ក្រាបនោះទេ។
មជ្ឈដ្ឋានខាងក្រៅ.! កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់ពួកគាត់ ព្រោះហេតុថា អ្នកញៀនល្បែង ជាច្រើនកុះករ ទាំងអស់នោះកំពុងតែឈ្លក់វង្វេងនឹងល្បែងអបាយមុខ បង្កឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម លួច ឆក់ ប្លន់ គ្រប់ប្រភេទ និងរីករាលដាលគ្រឿងគូរឲ្យកត់សម្គាល់ក្នុងមូលដ្ឋានថែមទៀត។
ចំពោះលោក លឹម សុភា អភិបាលខណ្ឌ៧មករា ហើយនិងលោក នេត្រ ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា កំពុងសម្ងំស្ងៀម ហើយឆ្លើយថាមិនដឹង មិនមានអ្នកលេងទៅវិញ ធ្វើហាក់បីដូចមិនដឹង តាមពិតបងប្អូនប្រជាពលរដ្ឋនៅម្ដុំនោះដឹងស្ទើរគ្រប់គ្នា។
ហេតុនេះប្រជាពលរដ្ឋ នៅសង្កាត់វាលវង់ បានអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី សូមមេត្តាជួយចាត់ មន្ត្រីក្រោមឱវាទ ចុះពិនិត្យបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះជាបន្ទាន់។
ប្រជាពលរដ្ឋរស់នៅ ខណ្ឌ៧មករា ស្នើដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់សមត្ថកិច្ចជំនាញពាក់ពន្ធ័ ចុះពិនិត្យបង្ក្រាប រាល់ល្បែងភ្នាល់ទឹកភ្លៀងខ្នាតយក្ស ក្នុងមូលដ្ឋានរបស់ខ្លួនផង៕