ស្វាយរៀង ÷ ប្រភពស្និទ្ធនឹងលោក ឆេង សា វិន ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក បានឲ្យដឹងថា ការដែលលោក ឆេង សាវិន មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយគឺអាងមានលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។
ប្រសិនបើគ្មានលោក ហេង សំបូរ ជាបង្អែកទេនោះ គឺលោក ឆេង សា វិន មេគយច្រកដូងមិនហ៊ានបើកដៃឲ្យឈ្មួញអាជីវករនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តឡើយ។
ហេតុនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគួរពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយរបស់លោក ឆេង សា វិន មេគយច្រកដូងត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។
បើតាមការលើកឡើង របស់ឈ្មួញ និងអាជីវករដែលនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វារតំបន់ព្រំដែនដូង បានឲ្យដឹងថា អាជីវកម្មរបស់ពួកគេនៅសល់កម្រៃតិចតួចណាស់ ព្រោះត្រូវលោក ឆេង សា វិន មេគយប្រចាំច្រកនេះគាបយកលុយលើតុក្រោមតុតាមអំពើចិត្ត។
ប្រភពបានបន្តទៀតថា គ្មានឈ្មួញ ឬអាជីវករណាហ៊ានតវ៉ាជាមួយលោក ឆេង សាវិន នោះទេ ព្រោះលោក ឆេង សា វិន តែងតែប្រើឈ្មោះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ដើម្បីបិទបាំងទង្វើរបស់ខ្លួន។
បច្ចុប្បន្នឈ្មួញ និងអាជីវករ អាចធ្វើសកម្មភាពនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង យ៉ាងគគ្រឹកគគ្រេង។
សេចក្តីរាយការណ៍ពីមន្ត្រីនៅច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារតំបន់ព្រំដែនដូង កើតឡើងយ៉ាងពេញបន្ទុក។
ការដែលក្រុមឈ្មួញ និងអាជីវករនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកព្រំដែនតំបន់ដូង យ៉ាងគំហុកគឺដោយសារមានការបើកដៃ ពីលោក ឆេង សាវិន ដែលជាប្រធានការិយាល័យគយប្រចាំច្រកនេះ។
លើសនេះទៅទៀតទង្វើរបស់លោក ឆេង សាវិន អាចប្រព្រឹត្តទៅយ៉ាងរលូន គឺមានការរួមដៃពីសំណាក់ មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូង ដែលល្បីល្បាញខ្លាំងខាងពុករលួយផងដែរ។