ខេត្តព្រៃវែង ÷ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ បានបង្ហើបថា បច្ចុប្បន្នមេឈ្មួញធំៗ កំពុងសប្បាយចិត្ត ធ្វើសកម្មភាពដឹកជញ្ជូនធ្យូងតាមរថយន្ត និង រ៉ឺម៉កចេញទៅស្រុកយួន យ៉ាងពេញបន្ទុក។
ព្រោះមានការឃុបឃិត ពីសមត្ថកិច្ច ពាក់ព័ន្ធច្រកព្រំដែនម៉ឺនជ័យ បើសិនមិនមានការបើកបារ៉ាស់ពីសំណាក់លោក អ៊ុ វល័ក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ គឺមិនអាចដឹកធ្យូងទៅស្រុកយួន បានឡើយ ។
ប្រជាពលរដ្ឋ រស់នៅភូមិម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែងបានបង្ហើបឲ្យ រស្មីឯករាជ្យ ដឹងថា ក្រុមឈ្មួញធំៗ ដឹកជញ្ជួនធ្យូងចេញពីខេត្តក្រចេះ ទៅស្រុកយួន តាមច្រកម៉ឺនជ័យ ប្រភេទ រថយន្តកូរ៉េ និង រម៉ក ក្នុងមួយយប់ៗ ចាប់ពី៣០គ្រឿងទៅ៤០គ្រឿង ដោយសារមានការឃុបឃិត ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ច្រកព្រំដែនម៉ឺនជ័យ ទើបអ្វីៗរលូនយ៉ាងនេះ។
បើតាមការអះអាង ពីមន្ត្រីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឲ្យដឹងទៀតថា មានបុគ្គលម្នាក់ ឈ្មោះ ស្មី ជាអ្នកប្រមូល លុយពីក្រុមឈ្មួញដឹកជញ្ជូនធ្យូង យកទៅបែងចែកឲ្យសមត្ថកិច្ចពាក់ព័ន្ធ ទើបឈ្មួញអាចដឹកជញ្ជូនធ្យូង ចេញទៅស្រុកយួនយ៉ាងរលូន ប៉ុន្តែ សម្រាប់ធ្យូង ១ រថយន្ត ឈ្មួញត្រូវបង់លុយ ៧០ម៉ឺនរៀល រីឯធ្យូង១រ៉ឺម៉ក ត្រូវបង់លុយ៥០ម៉ឺនរៀល ជាកំហិត ។
ហេតុនេះហើយ លោក ជា សុ មេធី អភិបាលខេត្តព្រៃវែង និង លោក ព្រុំសន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង គួរពិនិត្យឡើងវិញជាបន្ទាន់ ចំពោះភាពអសកម្ម របស់លោក អ៊ុ វល័ក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និង លោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្ដិ៍នគរបាលច្រកម៉ឺនជ័យ មិនគូរបណ្តោយឲ្យឈ្មួញគ្រាក់ៗ ដឹកជញ្ជួនធ្យូងទៅលក់ស្រុកយួន ច្រកម៉ឺនជ័យ តាមអំពីចិត្ត ៕