ប្រភពពីប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវប្រឡាយទឹកស្អុយជិតស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ ភ្នាក់ងារព័ត៌មានយើងដឹងថា ទីតាំងមួយកន្លែងនេះ ដំណើរការបើកលេង ល្បែង បញ្ជាល់មាន់ បៀរ និង អាប៉ោង ជាយូរណាស់មកហើយ ប៉ុន្តែ អាជ្ញាធរ មូលដ្ឋាន មានសមត្ថកិច្ច មិនហ៊ានបង្ក្រាប ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។
មជ្ឈដ្ឋានខាងក្រៅបញ្ជាក់ថា ឈ្មោះ ឆើត ជាមន្ត្រីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញស៊ីប្រាក់ខែរដ្ឋ មិនបម្រើរាស្ត្រ បែរជាទៅបើកសង្វៀនបញ្ជាល់មាន់ទៅវិញ ឲ្យអ្នកញៀនល្បែងលេងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ ១៩ បំប្លែងថ្មីសោះឡើយ។
ហេតុនេះ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគួរមើលរំលងភាពអសកម្ម របស់លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យឡើងកាន់តំណែងថ្មីបណ្តោយឲ្យឈ្មោះ ឆើត លេងល្បែងបញ្ជាល់មាន់យ៉ាងគគ្រឹកគគ្រេង ពីមួយថ្ងៃទៅមួយថ្ងៃគ្មានការទប់ស្កាត់បង្ក្រាប ទុកឲ្យលេងតាមអំពើចិត្ត។
ពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី ២ បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសន្តិសុខសង្គម ប្រភពនៃបទល្មើសកើតឡើងគូរឲ្យកត់សម្គាល់ ដូចជា ចោរកម្មគ្រប់ប្រភេទ លួច ប្លន់ និងគ្រឿងញៀនរីករាលដាលយ៉ាងគំហុក ក្នុងមូលដ្ឋានរបស់ខ្លួន។
ប្រជាពលរដ្ឋ ក្នុងសង្កាត់មានជ័យទី ២ ខណ្ឌមានជ័យអំពាវនាវ និងទទូចដល់ លោក ស ថេត ស្នងការដ្ឋានរាជធានីភ្នំពេញពិនិត្យឡើងវិញជាបន្ទាន់ ព្រោះល្បែងបញ្ជាល់មាន់ និងអាប៉ោង ស៊ីសងខុសច្បាប់ របស់ឈ្មោះ ឆើត កំពុងបើកលេងរាល់ថ្ងៃនៅចំណុចតាមប្រឡាយទឹកស្អុយ គ្មានសមត្ថកិច្ច ចាត់វិធានការបង្ក្រាបលេងដោយសេរី៕