ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ក៏បានឲ្យដឹងដែរថាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយជញ្ជីងថ្លឹងរថយន្ត ជាជញ្ជីងថ្លឹងលុយ យ៉ាងរលូន។
ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយគឺមានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។
ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់ពេលនេះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុក។
ក្រុមឈ្មួញបានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ដែរមិនអាចតវ៉ាបានឡើយ។
ចំណែកលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងរក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ប្រមូលតាមរបៀបពុករលួយយ៉ាងពេញទំហឹង។
បើតាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល មិនហ៊៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។
ការដែលលោក បូរី វង្សសានិត ហ៊ានបើកដៃឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តដោយសារអាងមានខ្នងបង្អែកក្រាស់ នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។
ហេតុនេះហើយទើបក្រុមឈ្មួញ និងអាជីវករអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសពិនិត្យឡើងវិញខ្លះផង។