កំពង់ធំ ៖ ប្រភពពីក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ ៦ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានយើងអោយដឹងថា សព្វថ្ងៃនេះ ប្រធានជញ្ជីងកំពុងសប្បាយចិត្តប្រមូលលុយចែកគ្នា ធ្វើមានធ្វើបានយ៉ាងសុខស្រួល ទោះរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃចំណែកលោកស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ឈ្មួញធំៗនិងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិកម្មឆ្លងកាត់ផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកខេត្តកំពង់ធំបានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយ តាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងភូមិត្រើយម្យ៉ាមឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំនោះដែរ។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយឲ្យក្រុមមន្ត្រីពុករលួយប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្នុងភូមិត្រើយម្យ៉ាមនោះឡើយ។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំថ្មី ក៏ដូចជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានជញ្ជីងថ្លឹងរថយន្តស្រុកសន្ទុកនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិត្រើយម្យ៉ាមជាបន្ទាន់។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកគាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។
ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗរថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដោយគ្មានការព្រួយបារម្ភផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះធ្វើឲ្យខូចផ្លូវខូចស្ពានឡើយ។
បើតាមការលើកឡើងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រើយម្យ៉ាមឃុំប្រាសាទស្រុកសន្ទុកបានឲ្យដឹងថាពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ដោយមិនអាចតវ៉ាបានទេ។
ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ក្នុងភូមិត្រើយម្យ៉ាមឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំរករឿងឲ្យរើទំនិញចុះឡើងតាមអំពើចិត្តរបស់ពួកគេជាមិនខាន។
ហេតុនេះហើយទើបរថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវជាតិលេខ៦យ៉ាងគគ្រឹកគគ្រេងបណ្ដោយឲ្យខូចផ្លូវខូចស្ពានជាបន្តបន្ទាប់។
បញ្ហានេះគឺជារឿងដែលលោកស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកសេងឈួនប្រធានជញ្ជីងទូទាំងប្រទេសមិនគួរមើលរំលងតទៅទៀតទេព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកកំពុងក្លាយទៅជាក្រុមជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់។