ប្រភព ពីប្រជាពលរដ្ឋ រស់នៅក្នុងចំណុចអូរតូច ភូមិអណ្តូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បានបញ្ជាក់ប្រាប់ឲ្យ រស្មីឯករាជ្យ ដឹងថាឈ្មោះ ផាត គ្រៀងគរក្រុមអ្នកញៀនល្បែងចូលលេងគគ្រឹងគគ្រេង ដូចជា បញ្ជាល់មាន់ បៀរ អាប៉ោង សុីសងខុសច្បាប់យ៉ាងពេញបន្ទុក មិនខ្លាចឆ្លងជំងឺកូវីដ១៩ និងជំងឺឆ្លងថ្មី ហៅ អូមីក្រុង ប្រសិនបេីឆ្លងវិញ តេីពីណាទទួលខុសត្រូវ។
ទន្ទឹមនឹងនេះមានការរិះគន់ចំៗទៅលើលោក ហោ វណ្ណា អធិការនគរបាលក្រុងកំពត ដែលបណ្តោយឲ្យល្បែងស៊ីសងខុសច្បាប់ កើតឡើងយ៉ាងរាលដាល ហើយការបង្ក្រាបបានត្រឹមតែធ្វើឲ្យល្អមើលគ្មានប្រសិទ្ធភាព។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពតចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងក្រុងកំពត នៅចំណុចអូរតូច ចូលតាមខ្លោងទ្វារ វត្តអណ្តូងព្រេង ដេីម្បីពង្រឹងដល់សន្តិសុខសង្គម ក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព។
ឥឡូវនេះប្រភពពីប្រជាពលរដ្ឋ ក្នុងចំណុចអូរតូច ភូមិអណ្តូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា គេបើកសង្វៀនបញ្ជល់មាន់ និង វង់អាប៉ោង ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក ហោ វណ្ណា អធិការនគរបាលក្រុងកំពត មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅឡើយទេ។
ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងស៊ីសង យ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺបំប្លែងថ្មីហៅ អូមីក្រុងនោះទេ ហើយមេល្បែង ឈ្មោះ ផាត ត្រូវគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពត។
សេចក្តីរាយការ ណ៍ ពីប្រជាពលរដ្ឋបានលើកឡើងថា ទាល់តែមានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ទើបគេអាចបើកល្បែងស៊ីសងខុសច្បាប់ យ៉ាងសុខស្រួល ហើយមេល្បែងស៊ីសងអាចប្រមូលលុយ បានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។
ដូច្នេះលោក ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ម៉ៅធនិន អភិបាលខេត្តកំពត មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះមួយរយៈពេលចុងក្រោយនេះនៅក្នុងក្រុងកំពត ល្បែងស៊ីសងខុសច្បាប់ រាលដាលពីសង្កាត់មួយទៅសង្កាត់មួយគ្មានទីបញ្ចប់ឡើយ។
ហេតុនេះប្រជាពលរដ្ឋ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យទៅលើភាពអសកម្មរបស់មន្ត្រីអាជ្ញាធរខេត្តកំពត និងសមត្ថកិច្ចនគរបាលខេត្តកំពតផងដែរ៕