សៀមរាប ៖ ប្រភពពីប្រជាពលរដ្ឋ នៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យ រស្មីឯករាជ្យ ដឹងថា អ្នកញៀនល្បែង កំពុងសម្រុកលេងបញ្ជាល់មាន់ បៀ អាប៉ោង សុីសងខុសច្បាប់ យ៉ាងពពាក់ពពូន របស់បុគ្គលឈ្មោះ វា៉ន់ មិនខ្លាចឆ្លងជំងឺ អូមីក្រុង បំប្លែងខ្លួនថ្មីនោះទេ។
មហាជន ! បានលើកឡើងចំៗថា រាល់ថ្ងៃនេះ ឈ្មោះ វ៉ាន់ គ្រៀងគរឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែង បញ្ជាល់មាន់ ភ្លូកទឹកភ្លូកដី នៅចំណុចភូមិក្រសាំង សង្កាត់ជ្រាវ រីឯលោក ដា ចំរើន អធិការដ្ឋាននគរបាលក្រុងសៀមរាប មិនចាត់វិធានការបង្ក្រាប សម្ងំទទួលផលប្រយោជន៍ ទុកឲ្យលេងតាមអំពើចិត្ត។
ហេតុនេះ នាយឧត្ដមសេនីយ៍ នេត សាវឿន មិនគូរមើលរំលងភាពអសកម្ម របស់លោក តេង ចាន់ណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាបតទៅទៀតនោះទេ ព្រោះល្បែងបញ្ជាល់មាន់ លេងយ៉ាងគំហុក ក្នុងទឹកដីក្រុងសៀមរាប ហើយអាចកើតគ្រឿងញៀន រីករាលដាល និង អំពើលួច ឆក់ ប្លន់ គូរឲ្យកត់សម្គាល់ក្នុងមូលដ្ឋានថែមទៀតផង។
ដូច្នេះ ឈ្មោះ វ៉ាន់ បើកល្បែងបញ្ជាល់មាន់ ប្រហែលជាមាន ខ្នងបង្អែករឹងមាំ នៅពីក្រោយហើយមើលទៅ ទើបអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច ក្នុងមូលដ្ឋាន មិនហ៊ានចុះបង្ក្រាប ព្រោះ បុគ្គលម្នាក់នេះ បានសែនព្រេន និងបែងចែកផលប្រយោជន៍ ចាប់ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ បានជារក្សាភាពស្ងៀមស្ងាត់។
ប្រជាពលរដ្ឋ ក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប បានអំពាវនាវដល់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ចាត់មន្ត្រីក្រោមឱវាទ ចុះទៅពិនិត្យ ទៅលើបុគ្គល ឈ្មោះ វ៉ាន់ ហ៊ានបើកសង្វៀនបញ្ជាល់មាន់ កណ្តាលក្រុងសៀមរាប មិនខ្លាចឆ្លងជំងឺកូវីដ១៩ឡេីយ ថែមទាំងផ្គេីននិងសារាចរណ៍ ណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាយ៉ាងនេះ៕