ក្រចេះ ÷ តាមសេចក្តីរាយការណ៍ ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មេឈ្មួញឈ្មោះ សម្បត្តិ នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ យកទៅលក់យ៉ាងពេញបន្ទុក។
មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃ ឈើ សមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចនគរបាលក្នុងស្រុកព្រែកប្រសព្វ មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ សម្បត្តិ ទាល់តែសោះ ហើយបណ្ដោយឲ្យឈ្មួញម្នាក់នេះដឹកជញ្ជូនឈើខុសច្បាប់ កាន់តែខ្លាំងក្លាជាងមុនទៅទៀត។
ជាពិសេសលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏ដូចជាលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ដូចជាមើលរំលងសកម្មភាព របស់ឈ្មួញឈ្មោះ សម្បត្តិ នៅតែដឹកជញ្ជូនឈើយ៉ាងគំហុក។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ សម្បត្តិ បានឲ្យដឹងថា ឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ ទើបអាចដឹកជញ្ជូនឈើចេញពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ទៅដល់គោលដៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួល។
ជាក់ស្តែងនៅតាមផ្លូវ ដែលឈ្មួញឈ្មោះ សម្បត្តិ ដឹកជញ្ជូនឈើ មានស្នាក់ការរដ្ឋបាលព្រៃឈើ ស្នាក់ការបរិស្ថាន និងប៉ុស្តិ៍ត្រួតពិនិត្យ របស់សមត្ថកិច្ចជាច្រើនកន្លែង ប៉ុន្តែមន្ត្រីជំនាញ និងសមត្ថកិច្ចទាំងនោះមិនហ៊ាន ចាត់វិធានការបង្ក្រាបនោះទេ។
ផ្ទុយទៅវិញមន្ត្រីជំនាញ និងសមត្ថកិច្ចទាំងនោះ សម្ងំទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ សម្បត្តិ យ៉ាងត្រជាក់ចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា ស្ទើរតែរាល់យប់ឈ្មួញឈ្មោះ សម្បត្តិ ដឹកជញ្ជូនឈើ តាមរថយន្តសាំយ៉ុងចេញពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចូលទៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ យ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា ទោះបីរថយន្តដឹកជញ្ជូនឈើ របស់ឈ្មួញឈ្មោះ សម្បត្តិ បើកបរឆ្លងកាត់មុខសាលាស្រុកសំបូរ ក៏គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាបង្ក្រាបដែរ។
ដូច្នេះលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ គួរពិនិត្យឡើងវិញខ្លះផង ។