ស្វាយរៀង ÷ ប្រភពពីអាជីវករ ដឹកទំនិញចេញ ពីស្រុកយួនចូលមកខែ្មរ បានបញ្ជាក់ប្រាប់ឲ្យ រស្មីឯករាជ្យដឹងថា ឈ្មួញធំៗសម្រុកដឹកទំនិញទាំងយប់ទាំងថ្ងៃ យ៉ាងគំហុក គ្មានការទប់ស្កាត់ ពីលោក ឆេង សា វិន មេគយច្រកទ្វារតំបន់ព្រំដែនដូង និងសមត្ថកិច្ចពាក់ព័ន្ធច្រកនេះទល់តែសោះ។
ប្រភពបានបន្តទៀតថា ក្រុមឈ្មួញដឹកទំនិញ មកពីស្រុកយួនតាមប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង ដូចជា តុ ទូ ពូក ដែក ក្រឡាក្រួច កៅអីជ័រ ទុយោទឹកជ័រ ធុងជ័រ ម៉ូទ័រ សំបក កង់ម៉ូតូ និងគ្រឿងសំណង់ គ្រប់ប្រភេទ ជាប្រភពចំណូលដល់ លោក ឆេង សាវិន មេគយច្រកទ្វារតំបន់ព្រំដែនដូងនិងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ។
មហាជនបានលើកឡើងថា ឈ្មួញវៀតណាម នាំទំនិញចូលមកតាម ប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង ក្នុងមួយថ្ងៃៗ យ៉ាងពេញបន្ទុក ហើយឈ្មួញគ្រាក់ៗ ដែលដឹកទំនិញ សំពីងសំពោង និងលើស ទម្ងន់អាច និងធ្វើឲ្យ ប៉ះពាល់ ខូចផ្លូវ កៅស៊ូ ដែលទើបតែ សាងសង់ រួចថ្មីៗ បើគ្មានការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ពិតជាវិនាស ហិនហោចអស់ដោយសារស្នាដៃ ឈ្មួញជាច្រើននាក់ ដឹកលេីសទម្ងន់។
ចំណែកក្រុមអាជីវករខ្មែរវិញ បានលើកឡើងចំៗថា មានមន្ត្រីគយ ដាក់ប៉ុស្តិ៍បង់ពន្ធ បណ្តាក់គ្នាដូចខ្យង គឺការិយាល័យ គយ និង រដ្ឋាករ ច្រកទ្វារតំបន់ព្រំដែនដូង សាខាគយខេត្ត និង គយចល័ត បង់ពន្ធរួចហើយ មានទាមទារ បង់ថ្លៃ បាយ ថ្លៃ កាហ្វេទៀត ជាពិសេស លោក ហេង សំបូរ មេគយការិយាល័យខេត្តស្វាយរៀង បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យ លោក ឆេង សា វិន មេគយច្រកទ្វារតំបន់ព្រំដែនដូងធ្វេីអ្វីៗតាមអំពើចិត្ត។
រឿងអាស្រូវពុករលួយ របស់លោក ឆេង សាវិន មេគយច្រកតំបន់ព្រំដែនដូង ត្រូវបានលាតត្រដាងជាសាធារណៈល្បីល្បាញពុករលួយ យកលុយក្រោមតុ លើតុ ពីក្រុមឈ្មួញដឹកទំនិញទាំងតូច ទាំងធំ បើមិនបង់តាមការកំណត់នោះ ទេ ពួកឈ្មួញមិនអាចដឹកទំនិញដល់គោលដៅបានឡើយ៕