ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា ឧក្រិដ្ឋជនព្រៃឈើម្នាក់ឈ្មោះ សិច នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា ក្នុងស្រុកត្បែងមានជ័យ និងពីតំបន់ព្រៃឡង់ក្នុងស្រុកជ័យសែន មករក្សាទុកក្នុងដេប៉ូរបស់ខ្លួននៅចំណុចអូរទីទុយ ឃុំព្រះឃ្លាំង យ៉ាងរលូន។
បើតាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់ព្រៃឡង់ និងព្រៃព្រះរកា ទេនោះគឺឧក្រិដ្ឋជនព្រៃឈើឈ្មោះ សិច មិនអាចដឹកជញ្ជូនឈើចេញព្រៃចូលមកដេប៉ូរបស់ខ្លួនបានទេ។
បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញខ្លះផង ព្រោះអីលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ តែងតែបើកដៃឲ្យមន្ត្រីបរិស្ថាន ប្រចាំតំបន់ព្រៃឡង់ និងព្រៃព្រះរកា ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងទៀតថាឧក្រិដ្ឋជនព្រៃឈើឈ្មោះ សិច បានប្រើប្រាស់រថយន្តសាំយ៉ុង និងរថយន្តកែច្នៃខ្នាតយក្សជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា និងព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួននៅចំណុចអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដោយសេរី។
សមត្ថកិច្ចអាវុធហត្ថខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ឧក្រិដ្ឋជនព្រៃឈើឈ្មោះ សិច នោះទេហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារ ក៏មិនហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះដែរពីព្រោះបានផលប្រយោជន៍អស់ហើយ។
ដូច្នេះហើយទើបឧក្រិដ្ឋជនព្រៃឈើឈ្មោះ សិច នៅអាចបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងតំបន់ព្រៃព្រះរកា ខេត្តព្រះវិហារ យ៉ាងគឃ្លើន ហើយមិនប្រឈមនឹងការបង្ក្រាបឡើយ។
មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ថ្មីៗកន្លងទៅនេះសមត្ថកិច្ចអាវុធហត្ថក្រោមការបញ្ជារបស់លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកជ័យសែន ស្រុកឆែប ស្រុកត្បែងមានជ័យ ជាបន្តបន្ទាប់។
ប៉ុន្តែចំពោះឧក្រិដ្ឋជនព្រៃឈើឈ្មោះសិច ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួននៅចំណុចអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យខេត្តព្រះវិហារ មិនទាន់ឃើញមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថ ឬសមត្ថកិច្ចនគរបាលចាត់វិធានការបង្ក្រាបឡើយ។
ជាក់ស្តែងលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ព្រមទាំងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នាំគ្នាសម្ងំដេកលក់អស់ហើយ។