ប្រភពពីមន្ត្រីសាលាស្រុកពាមរក៏ បានឲ្យដឹងថា អ្នកស្រី សេង ទៀង អភិបាលស្រុកពាមរក៏ បានបើកដៃឲ្យឈ្មួញម្ចាស់ក្រុមហ៊ុន រីសសស៏សឹបប្លាយ អឹមផត អ៊ិចផត ធ្វើសកម្មភាពបូមខ្សាច់ពីទន្លេមេគង្គ នៅចំណុចភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៏ តាមអំពើចិត្ត។
ប្រភពបានឲ្យដឹងទៀតថា សម្រាប់ការធ្វើសម្មភាពបូមខ្សាច់នោះ គឺក្នុងមួយយប់ឈ្មួញត្រូវបង់លុយឲ្យអ្នកស្រី សេង ទៀង ចំនួន១០០០ដុល្លារ ហើយមិនដឹងថា អ្នកស្រី សេង ទៀង យកលុយទាំងនោះទៅបែងចែកខាងណាខ្លះទេ។
បញ្ហានេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង គួរពិនិត្យឡើងវិញខ្លះផង ព្រោះប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលអ្នកស្រី សេង ទៀង បើកដៃឲ្យឈ្មួញម្ចាស់ក្រុមហ៊ុន រីសសស៏ បឹមប្លាយ អឹមផត អ៊ិចផត បូមខ្សាច់យ៉ាងពេញបន្ទុក។
ប្រជាពលរដ្ឋនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៏ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ មានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលស្រុកពាមរក៏ បានចុះទៅហាមឃាត់មិនឲ្យក្រុមហ៊ុននោះបូមខ្សាច់ពីទន្លេទៀតទេ ប៉ុន្តែនៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ខាងក្រុមហ៊ុននៅតែអាចដាក់សាឡង់បូមខ្សាច់យ៉ាងរលូន ព្រោះមានការបើកដៃពីអ្នកស្រី សេង ទៀង អភិបាលស្រុកពាមរក៏។
បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិបឹងក្អែក ឃុំពាមមានជ័យ ព្រួយបារម្ភយ៉ាងខ្លាំងពីការបាក់ដីច្រាំងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅពួកគាត់ រីឯអ្នកស្រី សេង ទៀង ទទួលបានលុយមួយយប់១០០០ដុល្លារ យ៉ាងស្រួល។
តាមការបង្ហើបពីមន្ត្រីនៅសាលាស្រុកពាមរក៏ បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកក្រាស់នៅសាលាខេត្តព្រៃវែង ទើបអ្នកស្រី សេង ទៀង ហ៊ានបើកដៃឲ្យក្រុមហ៊ុន រីសសស៏សិបប្លាយ អឹមផត អ៊ិច ផត ដាក់សាឡង់បូមខ្សាច់នៅក្នុងទន្លេចំណុចភូមិបឹងក្អែកយ៉ាងសុខស្រួល។
ប្រភពបានឲ្យដឹងទៀតថា ក្រៅពីបើកដៃឲ្យឈ្មួញបូមខ្សាច់ជាថ្នូរនឹងលុយក្នុងមួយយប់១០០០ដុល្លារ គឺកន្លងមកអ្នកស្រី សេង ទៀង មានជាប់ពាក់ព័ន្ធរឿងអាស្រូវច្រើនបែបយ៉ាង ដូចដែលបណ្តាញព័ត៌មាននានាបានចុះផ្សាយជាបន្តបន្ទាប់។
ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ទប់ស្កាត់ទង្វើមិនប្រក្រតីរបស់អ្នកស្រី សេង ទៀង អភិបាលស្រុកពាមរក៏ ជាបន្ទាន់។