កណ្តាល ៖ តាមប្រភព ពីប្រជាពលរដ្ឋ ក្នុងភូមិអមសំណរ ឃុំអមសំណរ ស្រុកលេីកដែក បានឲ្យ រស្មីឯករាជ្យ ដឹងថា ម្ចាស់កាស៊ីណូ ថ្មពេជ្រ សព្វថ្ងៃនេះកំពុងគ្រៀងគរបងប្អូនពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ បណ្តោយឲ្យចូល លេងល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងពេញបន្ទុក រីឯអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច ក្នុងខេត្តកណ្ដាល រក្សាភាពស្ងៀមស្ងាត់ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បានជាសះស្បើយ មែនពិត ហើយរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យបើកប្រទេសឡើងវិញ ក៏ប៉ុន្តែនៅតែអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រុងប្រយត្ន័ ថែទាំសុខភាព បែរជាម្ចាស់ កាស៊ីណូ ថ្មពេជ្រ និងសមត្ថកិច្ចពាក់ព័ន្ធមានតួនាទី ការពារព្រំដែននៅច្រកទ្វារអន្តរជាតិក្អមសំណរ កំពុងបណ្តោយពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម រាប់រយនាក់ចូលទៅលេងបញ្ជាល់មាន់ ជារៀងរាល់ថ្ងៃ ភ្នាល់ក្នុង១គូរៗ រហូតរាប់ពាន់ រាប់ម៉ឺនដុល្លារ កំពុងលេងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺអូមីក្រុងសោះឡើយ។
ហេតុនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគូរមើលរំលងភាពអសកម្ម របស់លោក ឈឿន សុចិត្រ ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល តទៅទៀតនោះទេ ព្រោះម្ចាស់កាស៊ីណូថ្មពេជ្រ នៅព្រំដែនអមសំណរ បេីកឲ្យខ្មែរលេងល្បែងបញ្ជាល់មាន់ យ៉ាងពេញទំហឹង មិនចាត់វិធានការបង្ក្រាប។
ប្រភពបន្តទៀតថា ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលទៅលេងល្បែងបញ្ជាល់មាន់
ក្នុងកាស៊ីណូ ថ្មពេជ្រ បានដោយសារមានមន្ត្រីយោធាថ្នាក់ធំម្នាក់ នៅពីក្រោយខ្នង និងអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចនៅព្រំដែនអមសំណរបើកភ្លើងខៀវ ទើបម្ចាស់សង្វៀនបញ្ជាល់មាន់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ។
គូររម្លឹកផងដែរ.! ស .ជ .ណ. ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត កាស៊ីណូ រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុងកាស៊ីណូជាដាច់ខាត។
ប្រជាពលរដ្ឋ រស់នៅ ភូមិអមសំណរ ឃុំអមសំណរ ស្រុកលើកដែក បានអំពាវនាវ និងទទូចដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យ ម្ចាស់កាស៊ីណូ ថ្មពេជ្រជាបន្ទាន់ ជៀសវាង កុំឲ្យកើតចោរ លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន និងគ្រឿងញៀនគូរកត់សម្គាល់ទៀតផង៕