ស្វាយរៀង ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ បានបញ្ជាក់ឲ្យ រស្មីឯករាជ្យ ដឹកថា សព្វថ្ងៃនេះឈ្មួញ ជាច្រេីនក្រុម បានដាក់គ្រឿងចក្រជីករណ្តៅដីដែលមានជម្រៅខុសបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៍ដីធំៗធ្វើឲ្យជ្រុះអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះឡើយ។
ហេតុនេះហើយទើបប្រជាពលរដ្ឋ រស់នៅ ឃុំថ្មី អំពាវនាវឲ្យលោក អភិបាលស្រុកកំពង់រោទិ៍ ក៏ដូចជាលោក តក ប្រធានរ៉ែ និងថាមពល ខេត្តស្វាយរៀង ចាត់វិធានការដោះស្រាយដល់ពួកគាត់ជាបន្ទាន់ កុំឲ្យក្រុមឈ្មួញ ធ្វើអ្វីៗតាមតែអំពើចិត្តតទៅទៀត។
ប្រជាពលរដ្ឋ ក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឲ្យដឹងថា អាជីវកម្មរណ្តៅដី របស់ឈ្មួញមានបក្សពួក ជាច្រើននាក់ បានកំពុងចាក់ដីលុបប្រឡាយទឹក ដែលបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានធ្លាប់អាស្រ័យផល ហើយមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន មិនចាត់វិធានការដោះស្រាយនោះទេ។
បើតាមការអះអាង ពីមហាជន ក្នុងស្រុកកំពង់រោទិ៍ បានឲ្យដឹងថា បើគ្មានការបើកដៃពីប្រធានការិយាល័យរ៉ែ និងថាមពខេត្តស្វាយរៀង ទេនោះគឺឈ្មួញ មិនអា ចជីករណ្តៅដី យ៉ាងធំហើយជ្រៅ និងជ្រុះអាចម៍ដី រប៉ាត់រប៉ាយ លើផ្លូវសាធារណៈយ៉ាងសុខស្រួល គ្មានមន្ត្រីអាជ្ញាធរពាក់ពន្ធ័មានសមត្ថកិច្ច ធ្វើមិនដឹងមិនឮ អ្វីទាំងអស់។
គួររម្លឹកថា ! ផ្លូវនេះបានក្រាលកៅស៊ូ ជាប់ព្រំប្រទល់ផ្លូវជាតិលេខ១ ចូលទៅតាមផ្សារប្រសូត្រ រហូតដល់ព្រំដែនច្រកអន្តរជាតិព្រៃវល្លិ៍ មានប្រវែង ១៥ គីឡូ ជាគម្រោងបដិភាគ របស់ភូមិឃុំ ដែលបានស្នើសុំពី រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អោយពលរដ្ឋធ្វើសារាចរណ៍ មិនមែនអោយក្រុមឈ្មួញមានអំណាច មកដឹកអាចម៍ដី លើសទម្ងន់អាចបណ្តាលខូចផ្លូវទៅថ្ងៃខាងមុខ។
ប្រភពពីប្រជាពលរដ្ឋ បានរៀបរាប់បន្ថែមទៀតថា យោងតាមច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម រណ្តៅដី គឺឈ្មួញអាចជីករណ្តៅដីត្រឹមជម្រៅ៥ម៉ែត្រទៅ៦ម៉ែត្រប៉ុណ្ណោះ មិនអាចលើសពីនេះបានឡើយ ប៉ុន្តែឈ្មួញអាចជីករណ្តៅដីនៅក្នុង ឃុំថ្មី ស្រុកកំពង់រោទិ៍ ជ្រៅហេីយធំទៀតផង។
លើសនេះទៅទៀតឈ្មួញ បានប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវ ធ្វើឲ្យធ្លាក់អាចម៍ដីរាយប៉ាយក្លាយទៅជាធូលីហ៊ុយសំពោងប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងពេញបន្ទុក។
ដោយសាររងផលប៉ះពាល់យ៉ាងខ្លាំង ទើបប្រជាពលរដ្ឋ អំពាវនាវឲ្យលោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួយដោះស្រាយដល់ពួកគាត់ផងទាន។