តាមសេចក្តីរាយការណ៍ ពីក្រុមអាជីវករ ក្នុងស្រុកកំពង់រោទិ៍ ដែលដឹកទំនិញចេញពីស្រុកយួន ចូលមកខ្មែរឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានអះអាងឲ្យដឹងថា ចាប់តាំងពីអំឡុងដើមខែវិច្ឆកា ឆ្នាំ២០២១ រហូតមកដល់ដើមខែមករា ឆ្នាំ២០២២នេះ ឈ្មួញទាំងធំ ទាំងតូច បានសម្រុកនាំគ្នាដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកមួយនេះ យ៉ាងគំហុកតែម្តង។
ដូច្នេះក្នុងមួយថ្ងៃៗលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រៃវល្លិ៍ ប្រមូលលុយតាមរបៀបពុករលួយបានមិនតិចនោះទេ ព្រោះគ្មានឈ្មួញណាអាចរំលង លោក ប៉ាង ឡេង ឡើយ ឈ្មួញទាំងធំ ទាំងតូច បានត្អូញត្អែរ ឲ្យដឹងថា ពួកគាត់បង់លុយ តាមការកំណត់របស់លោក ប៉ាង ឡេង ទើបអាចជញ្ជូនទំនិញឆ្លងកាត់ពីដីយួនចូលដីខ្មែរបាន ហើយនរណាក៏ខ្លាចលោក ប៉ាង ឡេង នោះដែរ។
បើតាមប្រភពព័ត៌មានពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា សកម្មភាពភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងពេញបន្ទុក គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍។
ដោយហេតុថា ប្រសិនបើឈ្មួញមិនបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ប៉ាង ឡេង ទេនោះ គឺមិនអាចដឹកជញ្ជូនទំនិញពីទឹកដីយួនចូលទឹកដីខ្មែរបានឡើយ ហើយគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោក ប៉ាង ឡេង បានទេ។
អំពើពុករលួយរបស់លោក ប៉ាង ឡេង អាចប្រព្រឹត្តទៅយ៉ាងរលូន គឺដោយសារមានកិច្ចសហការជាមួយលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តអំពើពុករលួយ។
ប្រភពដែលស្និទ្ធនឹងលោក ប៉ាង ឡេង បានលើកឡើងថា ដោយសារអាងមានខ្នងបង្អែករឹងមាំដើម្បីជួយការពារនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទើបបុគ្គល ប៉ាង ឡេង ម្នាក់នេះហ៊ានប្រើតួនាទី និងអំណាចរបស់ខ្លួនកាងឈ្មួញនាំទំនិញចូលពីស្រុកយួនដើម្បីប្រមូលលុយតាមរបៀបពុករលួយ យ៉ាងពេញបន្ទុក។
ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនត្រូវបណ្តែតបណ្តោយរឿងនេះតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់បុគ្គល ប៉ាង ឡេង នេះត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។
ប្រភពខ្លះទៀតបានបង្ហើបឲ្យដឹងថា ដោយសារអាងមានលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាខ្នងបង្អែកការពារដ៏រឹងមាំនេះហើយទើបលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនដែលញញើតអ្វីទាំងអស់ក្នុងការប្រព្រឹត្តអំពើពុករលួយ។.