ប្រភពពីក្រុមឈ្មួញ និងអាជីវករបានត្អូញត្អែ លើកឡើងថា ចំពោះអ្នកប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ មិនដែលឃើញបុគ្គល អូន រស្មី ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកលើកដែក ចាត់វិធានការតាមផ្លូវច្បាប់នោះទេ។
ផ្ទុយទៅវិញបុគ្គល អូន រស្មី នេះគ្រាន់តែបញ្ជាឲ្យកូនចៅមើលស្លាកលេខរថយន្ត កត់ស្លាកលេខរថយន្តទុកជាការស្រេច ដើម្បីទូទាត់ប្រចាំខែព្រោះម្ចាស់រថយន្តធំៗទាំងនោះ ត្រូវបានគេដឹងថា ជាប្រភពចំណូលដ៏សំខាន់របស់បុគ្គល អូន រស្មី និងបក្ខពួក។
ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនត្រូវទុកឲ្យលោក អូន រស្មី នៅតែប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀតនោះទេ។
តាមប្រភពព័ត៌មានពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ស្រុកលើកដែក ខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្នលោក អូន រស្មី មេជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកលើកដែក បានប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។
ប្រភពបានឲ្យដឹងថា បើទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ ក៏ត្រូវលោក អូន រស្មី និងបក្ខពួករាប់ក្បាលឡាន តម្រូវឲ្យបង់លុយតាមការកំណត់ស្រេចតែទំនើងចិត្ត គឺក្រុមគេទាំងអស់នោះបានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងជម្រិតទារលុយយ៉ាងកំរោលជាទីបំផុត។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ចាត់វិធានការទប់ស្កាត់នូវអំពើពុករលួយរបស់លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ១ ស្រុកលើកដែក ជាបន្ទាន់ប្រកបដោយប្រសិទ្ធភាពបំផុត។
តាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការខេត្តកណ្តាល បានឲ្យដឹងថា ការដែលលោក អូន រស្មី ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តគឺដោយសារមានការបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ប្រធានសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលជាអ្នកជួយបិទបាំង និងការពាររាល់ទង្វើអាក្រក់របស់ពួកគេទាំងនោះផងដែរ។
ប្រសិនបើគ្មានការសហការពីលោក ម៉ឹង យូឡេង ជាចៅហ្វាយនាយនោះទេ គឺលោក អូន រស្មី មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្តយ៉ាងកំរោល ដូចសព្វថ្ងៃនេះទេ។ ជាងនេះទៅទៀតដោយសារអាងមានខ្នងបង្អែករឹងមាំ ទើបលោក ម៉ឹង យូឡេង អាចនៅរក្សាតំណែងនៅជាប្រធានមន្ទីរសាធារណការខេត្តកណ្តាល ឡើងដុះស្លែហើយបណ្តោយឲ្យលោក អូន រស្មី ប្រព្រឹត្តជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន។