ស្វាយរៀង ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ បានបញ្ជាក់ឲ្យ រស្មីឯករាជ្យ ដឹកថាសព្វថ្ងៃនេះឈ្មួញ ជាច្រេីននាក់ ជីករណ្តៅដីដែលមានជម្រៅខុសបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៍ដីធំៗធ្វើឲ្យជ្រុះអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ឲ្យបានត្រឹមត្រូវនោះឡើយ។
ហេតុនេះហើយទើបប្រជាពលរដ្ឋ រស់នៅភូមិតាសួស ឃុំតាសួស អំពាវនាវឲ្យលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ក៏ដូចជាលោក តក ប្រធានរ៉ែ និងថាមពល ខេត្តស្វាយរៀង ចាត់វិធានការដោះស្រាយដល់ពួកគាត់ជាបន្ទាន់ កុំឲ្យក្រុមឈ្មួញ ធ្វើអ្វីៗតាមតែអំពើចិត្តតទៅទៀត។
ប្រជាពលរដ្ឋ ក្នុងភូមិតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឲ្យដឹងថា អាជីវកម្មរណ្តៅដី របស់ឈ្មួញមានបក្សពួក ជាច្រើននាក់ បានកំពុងធ្វើឲ្យមានការប៉ះពាល់ដល់ការ រស់នៅបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ហើយមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានមិនចាត់វិធានការដោះស្រាយនោះទេ។
បើតាមការលើកឡើង ពីមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋាន ស្រុកស្វាយជ្រំ បានឲ្យដឹងថា បើគ្មានការបើកដៃពីប្រធានការិយាល័យរ៉ែ និងថាមពខេត្តស្វាយរៀង ទេនោះគឺឈ្មួញ មិនអា ចជីករណ្តៅដី យ៉ាងធំហើយជ្រៅ និងជ្រុះអាចម៍ដីរប៉ាត់រប៉ាយ លើផ្លូវសាធារណៈយ៉ាងសុខស្រួល គ្មានមន្ត្រីអាជ្ញាធរពាក់ពន្ធ័មានសមត្ថកិច្ច ធ្វើមិនដឹងមិនឮ អ្វីទាំងអស់។
គួររម្លឹកថា! ផ្លូវនេះបានក្រាលកៅស៊ូ ជាប់ព្រំប្រទល់ផ្លូវជាតិលេខ១ ចូលតាមខ្លោងទ្វារវត្តតាសួស មានប្រវែង ១ គីឡូម៉ែត្រកន្លះ ជាគម្រោងបដិភាគ របស់ភូមិឃុំ ដែលបានស្នើសុំពី រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អោយពលរដ្ឋធ្វើសារាចរណ៍ មិនមែនអោយក្រុមឈ្មួញមានអំណាច មកដឹកអាចម៍ដី លើសទម្ងន់ខូចផ្លូវទាំងស្រុង។
ប្រភពពីប្រជាពលរដ្ឋ បានរៀបរាប់បន្ថែមទៀតថា យោងតាមច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មរណ្តៅដី គឺឈ្មួញអាចជីករណ្តៅដីត្រឹមជម្រៅ៥ម៉ែត្រទៅ៦ម៉ែត្រប៉ុណ្ណោះ មិនអាចលើសពីនេះបានឡើយ ប៉ុន្តែឈ្មួញអាចជីករណ្តៅដីនៅក្នុងភូមិតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ ជ្រៅហើយធំទៀតផង។
លើសនេះទៅទៀតឈ្មួញ បានប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវ ធ្វើឲ្យធ្លាក់អាចម៍ដីរាយប៉ាយក្លាយទៅជាធូលីហ៊ុយសំពោងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងពេញបន្ទុក។
ដោយសាររងផលប៉ះពាល់យ៉ាងខ្លាំង ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួយដោះស្រាយដល់ពួកគាត់ផងទាន ៕