បើតាមប្រភពពីក្រុមអាជីវករក្នុងខេត្តស្វាយរៀងក៏ដូចជាឈ្មួញគ្រាក់ៗ មកពីបណ្តាលខេត្តផ្សេងៗ កំពុងសម្រុកដឹកទំនិញរាល់ថ្ងៃ តាមប្រភេទរថយន្តធំៗ និងរថយន្តសាន់យ៉ុងរម៉កសន្តោងវែង គ្មានការទប់ស្កាត់ពីសំណាក់លោក ឃុត សាលីន មេគយព្រំដែនបុសមន និងមន្ត្រីគយក្រោមឱវាទជាអ្នកបើកភ្លើងខៀវ អោយឈ្មួញនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួន ចូលមកខ្មែរបានយ៉ាងរលូនទាំងយប់ទាំងថ្ងៃមិនរំខាន់ដល់ស្ថាប័នពាក់ព័ន្ធច្រកទាំងនេះឡើយ។
ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនគួរបណ្តែត បណ្តោយតទៅទៀតនោះទេ ព្រោះលោកគុណញឹម អគ្គនាយកគយបណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកព្រំដែនបុសមនធ្វើអ្វីៗតាមអំពើចិត្តមន្ត្រី ពាក់ព័ន្ធនៅច្រកព្រំដែនបុសមនបានលើកឡើងថា ឈ្មួញធំៗដឹកទំនិញគ្រប់ប្រភេទចេញពីស្រុកយួន ចូលមកខ្មែរក៏ដូចជាឈ្មួញដ៏ទៃទៀត មកពីបណ្តាលខេត្តនាៗសម្រុកដឹកទំនិញតាមច្រកនេះ បានក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកព្រំដែនបុសមន និងបក្ខពួកចែកគ្នាធ្វើមានធ្វើបាន ដាក់ក្នុងហោប៉ៅមិនខ្វល់ពីសុខភាពប្រជាពលរដ្ឋខ្មែរនោះទេ។
ទន្ទឹមនឹងនេះ ឈ្មួញគ្រាក់ៗដឹកទំនិញពីស្រុកយួន ដូចជាបន្លែផ្លែឈើ ពូកតុជ័រ ធុងជ័រ កៅអីជ័រលួសដែក កូនរទេះមីទឹកស្ទីង និងគ្រឿងកុំប៉ុងគ្រប់មុខត្អូញត្អែរថា ពួកគាត់រកស៊ីសព្វថ្ងៃនេះ បានត្រឹមចិញ្ចឹមលោក ឃុត សាលីន មេគយច្រកទ្វេភាគីព្រំដែនបុសមន និងមន្ត្រីក្រោមឱវាទគាបសង្កត់យកក្នុងមួយរថយន្តធំៗ ចាប់ពីម៉ឺន១លានរៀលទៅ២លានរៀល ជាកំហិត រីឯរថយន្តតូចនឹងរម៉កសន្តោងវែងៗបង់ចាប់ពី៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀលជាថ្នូរមិនបង្ក្រាប។
រឿងអាស្រូវពុករលួយរបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វារភាគីព្រំដែនបុសមន ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ មេគយធំៗក្នុងខេត្តស្វាយរៀងសម្ងំស្ងាត់ឈឹង ហើយម្យ៉ាងវិញទៀត ប្រជាពលរដ្ឋរស់នៅតាមអមសងខាងផ្លូវគ្រួសក្រហមចេញពីព្រំដែនបុសមនរងផលប៉ះពាល់ពីសំណាក់រថយន្តធំៗដឹកទំនិញហុយធូលីលំអងដីយ៉ាងខ្លាំងក្នុងមួយថ្ងៃៗ ធ្វើអោយពួកគាត់កើតជាជំងឺក្អកផ្ដះផ្សាយស្ទើរគ្រប់គ្នាទៅហើយ។
ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនសំណូមពរដល់ឯកឧត្តម ម៉ែន វិបុស អភិបាលខេត្តស្វាយរៀង និងឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមេត្តាត្រួតពិនិត្យដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទីការពារនៅព្រំដែនមិនគូរបណែតបណ្តោយអោយរថយន្តដឹកទំនិញសំពីងសំពោងតទៅទៀតនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវនៃទឹកដីខេត្តស្វាយរៀងជារឿយៗ ៕