តាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា ទោះបីជំងឺកូវីដ-១៩ កំពុងរាលដាលយ៉ាងពេញបន្ទុកគឺលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងរលូនដដែល។
ប្រភពស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា ការដែលលោក យី ថុល មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ជាក់ស្តែងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក នោះទេ។
ប្រភពពីមន្ត្រីនៅច្រកព្រែកចាក បានឲ្យដឹងទៀតថា សូម្បីតែពងមាន់ ពងទា និងផលិតផលពីបក្សីច្រើនប្រភេទក៏លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បើកដៃឲ្យឈ្មួញនាំចូលតាមច្រករបៀងត្នោតចុងស្រង់ តាមអំពើចិត្តដែរ។
ឈ្មួញដែលនាំចូលពងមាន់ ពងទា និងទំនិញប្រភេទចំណីអាហារផ្សេងៗពីស្រុកយួនត្រូវបង់លុយតាមការកំណត់របស់លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក មិនអាចគេចវេះបានឡើយ។
សកម្មភាពនៃអំពើពុករលួយរបស់លោក យី ថុល ត្រូវបានឈ្មួញនិងអាជីវករលាតត្រដាងជាបន្តបន្ទាប់ព្រោះលោក យី ថុល និងបក្ខពួកគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅដោយគ្មានញញើតអ្វីឡើយ។
តាមការបញ្ជាក់ពីក្រុមឈ្មួញនិងអាជីវករដែលនាំចូលពងមាន់ ពងទា និងទំនិញប្រភេទចំណីអាហារផ្សេងៗពីស្រុកយួនតាមច្រកទ្វារអន្តរជាតិព្រែកចាក និងច្រករបៀងត្នោតចុងស្រង់ បានឲ្យដឹងថា ពួកគេបង់លុយឲ្យលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក និងបក្ខពួកដោយមិនបានទទួលបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រ ត្រឹមត្រូវឡើយ។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេព្រោះមេគយខេត្តកំពត បណ្តោយឲ្យលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ធ្វើអ្វីៗតាមអំពើចិត្ត។
សូម្បីតែលោក គុណ ញឹម ដែលជាមេគយធំប្រចាំស្រុកខ្មែរក៏មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក និងបក្ខពួកដែរ។