ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ សិច បានបង្ហើបឲ្យដឹងថា ឈ្មួញម្នាក់នេះបង់លុយឲ្យមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដែលទទួលសំណូកពុក រលួយពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទើបមិនដែលប្រឈមនឹងការបង្ក្រាប។
បញ្ហានេះកំពុងធ្វើឲ្យព្រៃឡង់ និងព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ ត្រូវប្រឈមនឹងសេចក្តីវិនាសក្នុងពេលឆាប់ៗនេះ ព្រោះឈ្មួញឈ្មោះ សិច ម្នាក់នេះព្រមទាំងឈ្មួញជាច្រើននាក់ទៀត នៅតែអាចដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា យ៉ាងគំហុក ដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាបង្ក្រាបនោះទេ។
ជាក់ស្ដែងប្រជាពលរដ្ឋ រស់នៅភូមិអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បានបញ្ជាក់បន្ថែមទៀតថា មកដល់ពេលនេះឈ្មួញឈ្មោះ សិច នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា យកទៅរក្សាទុកក្នុងទីតាំងមួយកន្លែង នៅចំណុចភូមិអូរទីទុយ យ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកត្បែងមានជ័យ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ សិច ម្នាក់នេះទាល់តែសោះ ប្រហែលពួកគេខ្លាចបាត់បង់ ចំណូលរៀងៗខ្លួន។
សូម្បីតែលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ហើយបណ្តោយឲ្យឈ្មួញឈ្មោះ សិច នេះដឹកជញ្ជូនឈើចេញពីព្រៃឡង់ និងព្រៃព្រះរកា យ៉ាងសុខស្រួល។
មជ្ឈដ្ឋានទូទៅបានសង្កេតឃើញ មេឈ្មួញឈ្មោះ សិច នេះបានដឹកជញ្ជូនឈើ ក្នុងមួយយប់ៗ ចេញពីព្រៃឡង់ និងព្រៃព្រះរកា ចូលមកទីតាំងរក្សាទុកក្នុងភូមិអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ យ៉ាងតិចពី៤ទៅ៥រថយន្តសាំយ៉ុងកែច្នៃ ហើយមានបរិមាណរាប់សិបម៉ែត្រគូប។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តព្រះវិហារ បានអំពាវនាវឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការថ្នាក់ជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រូវចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ សិច ដែលជាម្ចាស់ទីតាំងរក្សាទុកឈើនៅចំណុចភូមិអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ជាបន្ទាន់។
ដោយហេតុថា បច្ចុប្បន្ននេះឈ្មួញឈ្មោះ សិច ម្នាក់នេះនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក ហើយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានពួនសម្ងំធ្វើមិនដឹងមិនឮអ្វីទាំងអស់។
លើសនេះទៅទៀតលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែមើលរំលងឈ្មួញឈ្មោះ សិច ហើយបណ្តោយឲ្យឈ្មួញរូបនេះប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងអនាធិតេយ្យ។