ប្រភពពីក្រុមឈ្មួញ និងអាជីវករដែលនាំចេញដំឡូងមី និងកសិកម្មផលផ្សេងៗ ដូចជា អុសកៅស៊ូ ជ័រកៅស៊ូ និងធ្យូងចេញទៅស្រុកយួនតាមច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម បានបញ្ជាក់ឲ្យដឹងថា លោក មុយ បញ្ញារិទ្ធ មេគយច្រកនេះ បានធ្វើការគាបសង្កត់យកលុយពីពួកគេតាមតែអំពើចិត្ត។
ក្រុមឈ្មួញនិងអាជីវករបានលើកឡើងថា លោក មុយ បញ្ញារិទ្ធ គាបយកលុយពីពួកគេខ្លាំងជាងកាលលោក យឹម វណ្ណៈ នៅធ្វើជាមេគយច្រកដា ហៅច្រកដូង៧ដើម នេះទៅទៀតហើយអត់មានអ្នកណាហ៊ានតវ៉ា បានឡើយ។
លោក មុយ បញ្ញារិទ្ធ តែងតែប្រើឈ្មោះមន្ត្រីធំៗមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីបិទបាំងអំពើពុករលួយ និងការពារទង្វើមិនប្រក្រតីរបស់ខ្លួនយ៉ាងសុខស្រួលតែម្តង។
តាមប្រភពព័ត៌មានពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពេលលោក មុយ បញ្ញារិទ្ធ ទទួលតំណែងជាប្រធានកា រិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ជំនួសលោក យឹម វណ្ណៈ រួចមកគឺលោក មុយ បញ្ញារិទ្ធ ប្រព្រឹត្តអំពើពុករលួយ ចង់ខ្លាំងជាងលោក យឹម វណ្ណៈ ទៅទៀត។
ប្រភពដដែលនេះបានឲ្យដឹងទៀតថា ឈ្មួញធំៗដែលនាំចូលទំនិញពីស្រុកយួនតាមច្រកព្រំដែនទ្វេភាគីដា ដូចជាឈ្មួញឈ្មោះ ចែ ពិដោ ឈ្មួញឈ្មោះ ចែ ដែត ឈ្មួញជាមន្ត្រីធំ នៅក្រសួងមហាផ្ទៃ និងឈ្មួញជាច្រើននាក់ទៀតគឺជាប្រភពចំណូលដ៏ធំ របស់លោក មុយ បញ្ញារិទ្ធ ដែលកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។
ដោយហេតុថា ឈ្មួញទាំងនេះបាននាំចូលទំនិញបង់ពន្ធមិនគ្រប់ ឬក៏បង់ពន្ធត្រឹមតែ៥០ភាគរយនោះទេ ហើយក្រៅពីនេះគឺឈ្មួញបានឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក មុយ បញ្ញារិទ្ធ យ៉ាងរលូន ទើបអាជីវកម្មរបស់ពួកគេអាចដំណើរការយ៉ាងសុខស្រួលបាន។
ប្រភពស្និទ្ធឹនងលោក មុយ បញ្ញារិទ្ធ បានឲ្យដឹងទៀតថា ដោយសារមានខ្នងបង្អែកការពារដ៏រឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក មុយ បញ្ញារិទ្ធ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ ដោយហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។
អំពើពុករលួយរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម នេះបានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធគយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនត្រូវបណ្តែតបណ្តោយតទៅទៀតឡើយ។
ដោយសារថា ក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ជំនួសលោក យឹម វណ្ណៈ រហូតមកដល់ពេលនេះគឺលោក មុយ បញ្ញារិទ្ធ បានសាងភាពល្បីល្បាញខាងអំពើពុករលួយ។