ស្វាយរៀង ÷ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន នៅក្នុងភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បុគ្គលដែលហ៊ាន បើកល្បែងបញ្ជាល់មាន់ នោះ ប្រហែលជា មានខ្នងបង្អែកនៅពីក្រោយ និងមានឥទ្ធិពលទៀតផង ទើបអាចធ្វើអ្វីៗ បានតាមទំនើងចិត្ត។
ជាងនេះទៅទៀត តាមប្រភពខ្លះ បានបង្ហើបឲ្យដឹងថា មានសមត្ថកិច្ចនិងមន្ត្រីធំៗក្នុងខេត្តស្វាយរៀង មួយចំនួនទទួលបាន ផលប្រយោជន៍ ពីម្ចាស់ទីតាំងនោះហើយ ទើបមេល្បែងស៊ីសងម្នាក់នេះ អាចបើកសង្វៀនបញ្ជល់មាន់ វង់បៀរ អាប៉ោង ក្នុងកាស៊ីណូ សណ្ឋាគារបុសមន យ៉ាងពេញទំហឹង។
ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយគ្មានខ្នងបង្អែករឹងមាំទេនោះ គឺបុគ្គលម្នាក់នេះ និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសង នៅលើទឹកដីខេត្តស្វាយរៀង បានដូចសព្វថ្ងៃនេះទេ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បុគ្គលម្នាក់នេះ បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង គឺបង្កប់ក្នុងកាស៊ីណូ បុសមន ហើយកំពុងដំណើរការលេងរាល់ថ្ងៃ យ៉ាងពេញបន្ទុក គ្មានសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តចុះបង្ក្រាប ទុក្ខអោយអ្នកញៀន ល្បែងលេងយ៉ាងសុខស្រួលបំផុត។
ជាក់ស្តែងអ្នកដែលធ្លាប់ ចូលទៅលេងដល់សង្វៀនបញ្ជាល់មាន់ ថាម្ចាស់កាស៊ីណូ ហ៊ានបើកល្បែងស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក ឲ្យប្រពលរដ្ឋខ្មែរ ចូលលេងល្បែង យ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ ព្រោះបុគ្គលនេះអាងមានខ្នងបង្អែកដ៏រឹងមាំ។
ចំណែកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ស្រុក ថ្នាក់ខេត្ត បានរក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យបុគ្គលម្នាក់នេះ ធ្វើអ្វីៗតាមអំពើចិត្ត ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ នៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង មានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសេចក្តីអសន្តិសុខ ក្នុងសង្គម។
ប្រជាពលរដ្ឋ បានធ្វើការអំពាវនាវ ឲ្យថ្នាក់ដឹកនាំខេត្តស្វាយរៀង ចាត់វិធានការទប់ស្កាត់ទង្វើ មិនប្រក្រតី របស់បុគ្គលដែល បើកបនល្បែងស៊ីសង នៅកាស៊ីណូ សណ្ឋាគារបុសមន ក្នុងភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀងជាបន្ទាន់។
ដោយហេតុថា ម្ចាស់សង្វៀន មិនត្រឹមតែបើកលេងល្បែង បញ្ជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗទៀត ក្នុងទីតាំងកាស៊ីណូ បុសមន ប៉ុណ្ណោះទេ គឺបុគ្គលនេះមានជំនាញខាងរត់ការណ៍ទៅអោយមន្ត្រីធំៗ ប្រចាំក្នុងខេត្តស្វាយរៀង ទើបគេចរួចផុត ពីការបង្ក្រាប របស់សមត្ថកិច្ច ពាក់ពន្ធ័ក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋ រស់នៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ទទូចសណូមពរ ដល់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ ដែលម្ចាស់សង្វៀន បញ្ជាល់មាន់ ហ៊ានបង្កប់លេងល្បែង សុីសងខុសច្បាប់ នៅក្នុងសណ្ឋាគារបុសមន ដែលផ្ទុយនិងរដ្ឋបាលខេត្តស្វាយរៀង អោយបងប្អូនចូលរួម ទប់ស្កាត់ជំងឺកូវីដ១៩ ដេីម្បីសុខសុវត្ថភាពជូនពលរដ្ឋផងទាន ? ៕