ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពេលស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធូរស្បើយឡើងវិញបន្តិច គឺល្បែងបញ្ជល់មាន់ ល្បែងស៊ីសងជាច្រើនប្រភេទទៀតនៅក្នុងទីតាំងកាស៊ីណូដូង៧ដើម ចាប់ផ្តើមដំណើរការឡើងវិញយ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា បុគ្គលឈ្មោះ លឹម និងបុគ្គលឈ្មោះ វ៉ា ដែលមានខ្នងបង្អែករឹងមាំបានចាប់ផ្តើមបើកល្បែងបញ្ជល់មាន់ និងល្បែងនិងបៀអាប៉ោងជាច្រើនប្រភេទទៀតឡើងវិញ ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ជារៀងរាល់ថ្ងៃ។
រីឯលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនទាន់ចាត់វិធានការ ទប់ស្កាត់ល្បែងស៊ីសងដែលបុគ្គលឈ្មោះ លឹម និងបុគ្គលឈ្មោះ វ៉ា បើកលេងនៅឡើយទេ។
ហេតុនេះហើយទើបប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម តាមការបញ្ជាក់ពីប្រជាពលបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះម៉ូតូនិងរថយន្តជាច្រើនគ្រឿងមកលេងល្បែងក្នុងទីតាំងកា ស៊ីណូដូង៧ដើមដែលពីមុនមានស្លាក់យីហោ៦៩ ប៉ុន្តែបច្ចុប្បន្នលុបស្លាក់យីហោចោលអស់ហើយ។
ប្រភពបានឲ្យដឹងទៀតថា ល្បែងបញ្ជល់មាន់ បៀអាប៉ោងយូគី និងល្បែងជាច្រើនប្រភេទទៀតសុទ្ធតែបើកលេងទ្រង់ទ្រាយធំ ហើយឈ្មោះ លឹម និងឈ្មោះ វ៉ា ជាមេល្បែងអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ ព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មិនហ៊ានចាត់វិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។
ជាក់ស្តែងលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បណ្តោយឲ្យបុគ្គលឈ្មោះ វ៉ា និង លឹម បើកល្បែងស៊ីសងយ៉ាងសុខស្រួលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បើតាមប្រភពខ្លះបានឲ្យដឹងថា បុគ្គលឈ្មោះ លឹម និងឈ្មោះ វ៉ា មានខ្នងបង្អែករឹងមាំទើបអាចបើកល្បែងស៊ីសងឡើងវិញនៅទីតាំងកាស៊ីណូដូង៧ដើម នៅក្នុងភូមិដា ឃុំដា ស្រុកមេមត់ យ៉ាងរំភើយ ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។
ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព្រមទាំងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ តទៅទៀតឡើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ករណីបុគ្គលឈ្មោះ វ៉ា និងឈ្មោះ លឹម បើកល្បែងស៊ីសងយ៉ាងពេញបន្ទុកជាហេតុធ្វើឲ្យកើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។