ត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋបានបញ្ជាក់ថា អធិការនគរបាលស្រុកពញ្ញាក្រែកមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលមានសង្វៀនបញ្ជល់មាន់ បៀរ អាប៉ោង គ្រប់ប្រភេទដែលមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូន ដែលមានទីតាំងនៅចំណុច ចម្ការកៅស៊ូ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំលេងដោយសេរី។
ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំនិងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាប់ល្បែងស៊ីសងនៅចំណុចចំការកៅស៊ូក្នុងភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ ជាបន្ទាន់។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់ បើកល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ បៀអាប៉ោង យ៉ាងពេញបន្ទុក។
តាមប្រភពខ្លះបានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលនោះទេ មិនអាចបើកល្បែងបញ្ជល់មាន់ បៀអាប៉ោង តាមអំពើចិត្តបានឡើយ។
ដូច្នេះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តែតបណ្តោយតទៅទៀតទេព្រោះល្បែងស៊ីសងក្នុងភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
មានការរិះគន់ចំៗថា ចាប់តាំងពីលោក ម៉ុនមាគ៌ា ចូលកាន់តំណែងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ គឺមិនសូវយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដូចជាបញ្ជល់មាន់ បៀអាប៉ោង និងកន្ទុយលេខ ដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ?។