សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ ក្នុងភូមិគិរីអណ្តែត ឃុំទ្រៀល មានអ្នកចូលរួមលេងយ៉ាងពពាក់ពពួន ជារៀងរាល់ថ្ងៃ មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។
ប្រជាពលរដ្ឋសង្ស័យថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រៀល និងអធិការនគរបាលស្រុកតាំងគោក ទទួលបានផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសងខុសច្បាប់ទើបបណ្តោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងអនាធិបតេយ្យ។
ដូច្នេះហើយទើប .ប្រជាពលរដ្ឋ អំពាវនាវឲ្យលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ទេីបឡេីងកាន់តំណែងថ្មីៗ ចាត់វិធានការបង្ក្រាប ល្បែងស៊ីសងក្នុងស្រុកតាំងគោក ប្រកបដោយប្រសិទ្ធភាព។
ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់ មានល្បែងបញ្ជល់មាន់និងល្បែងស៊ីសងផ្សេងៗ ទៀតកើតឡើងយ៉ាងគុំហុក ព្រោះមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាបឡើយ។
ជាក់ស្តែង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រៀល និងអធិការនគរបាលស្រុកតាំងគោក បណ្តោយឲ្យល្បែងស៊ីសងខុសច្បាប់ កើតឡើងយ៉ាងរលូន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
ហេតុននេះហើយ ទើបប្រជាពលរដ្ឋ អំពាវនាវឲ្យលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចាត់វិធានការបង្ក្រាបល្បែងស៊ីសង ក្នុងឃុំទ្រៀល ស្រុកតាំងគោក ជាបន្ទាន់។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំទ្រៀល បានលើកឡើងថា បើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះគឺល្បែងស៊ីសងក្នុងឃុំទ្រៀល មិនអាចកើតឡើងបានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន់។
ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ នោះទេ។
ដោយសារថា បច្ចុប្បន្នល្បែងស៊ីសងខុសច្បាប់កើតឡើងពេញបន្ទុកក្នុងស្រុកតាំងគោក និងក្រុងស្ទឹងសែន ហើយលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មិនទាន់ចាត់វិធានការបង្ក្រាប ប្រកបដោយប្រសិទ្ធភាព។