ស្វាយរៀង ÷ ក្រុមឈ្មួញ និងអាជីវករ នាំចូលទំនិញពីស្រុកយួន តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានបង្ហើបឲ្យដឹងថា ពួកគេបង់លុយ លើតុក្រោមតុ តាមការកំណត់ របស់លោក ចាន់ តា រា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ និងលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកព្រៃវល្លិ៍ ទើបអាចដឹកទំនិញពីទឹកដីយួនចូលទឹកដីខ្មែរយ៉ាងរលូន។
ទំនិញដែលឈ្មួញ នាំចូលតាមច្រកព្រៃវល្លិ៍ មានដូចជា ÷ បន្លែ ផ្លែឈើ មី គ្រឿងទេស គ្រឿងកំប៉ុង ភេសជ្ជៈគ្រប់ប្រភេទ និងសំភារៈគ្រឿងសំណង់ជាដើម តាមរយះរថយន្ត សាន់យ៉ុង និងរថយន្តកុងទីន័រ ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ឆ្ពោះយកទៅលក់ ចែកចាយនៅក្រុងភ្នំពេញ គ្មានការទប់ស្កាត់ពីសំណាក់ លោក ប៉ាង ឡេង មេប៉ុស្តិ៍ច្រកព្រៃវល្លិ៍ឡើយ។
ប្រភពស្និទ្ធនឹងលោក ចាន់ តា រា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានឲ្យដឹងថា ទំនិញទាំងនេះឈ្មួញបង់ពន្ធត្រឹមតែ៣៥ទៅ៤០ភាគរយ ហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ ជាមួយលោក ចាន់ តា រា និងសមត្ថកិច្ចពាក់ព័ន្ធយ៉ាងសុខស្រួល។
ឈ្មួញគ្រាក់ៗ ដឹកជញ្ជូនទំនិញ នៅក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែង ជាប្រធានការិយាល័យគយច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង គឺលោក ចាន់ តារា បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះយ៉ាងគំហុក។
ជាក់ស្តែងក្រុម អាជីវករ បានបង្ហើបថា ការដែលលោក ចាន់ តា រា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការបើកដៃ ពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ផងដែរ។
បើគ្មានការបើកដៃពីលោក ហេង សំបូរ ទេនោះគឺលោក ចាន់ តា រា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនហ៊ានសម្រួលឲ្យឈ្មួញធំៗនាំចូលទំនិញពីស្រុកយួនយ៉ាងរលូនដូចសព្វថ្ងៃនេះទេ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានឲ្យដឹងថា ការដែលឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះគឺមានការឃុបឃិត ពីសំណាក់លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកព្រៃវល្លិ៍ ផងដែរ។
បេីតាមការអះអាង ពីមន្ត្រីគយរបស់ លោក ចាន់ តា រា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ និងលោក ប៉ាង ឡេង បានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ចំណែកលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បណ្តោយឲ្យលោក ចាន់ តា រា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ធ្វើអ្វីៗតាមអំពើចិត្ត ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។