ប្រភពពីប្រពលរដ្ឋបានឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើរបស់ឈ្មួញឈ្មោះ តាបូរ ដំណើរការច្រើនឆ្នាំមកហើយ ដោយមានដាក់ម៉ាស៊ីនរ៉ៃអារច្រៀកឈើលក់ឲ្យក្រុមហ៊ុនចិន ជាច្រើនកន្លែងក្នុងស្រុកស្នួល ខេត្តក្រចេះ។
ចំណែកលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ តាបូរ ម្ចាស់រោងសិប្បកម្មកែច្នៃឈើក្នុងភូមិរវៀង ឃុំស្វាយជ្រះ ស្រុកស្នួល នោះទេប្រហែលខ្លាចបាត់បង់ផលប្រយោជន៍។
ប្រភពពីប្រជាពលរដ្ឋនៅភូមិរវៀង ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើរបស់ឈ្មួញឈ្មោះ តាបូរ នៅតែដំណើរការយ៉ាងរលូនព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់នោះទេ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ តាបូរ ដឹកជញ្ជូនឈើតាមគោយន្តកែច្នៃពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ចូលមករោងសិប្បកម្មនៅខាងក្រោយផ្ទះរបស់គាត់ក្នុងភូមិរវៀង តាមអំពើចិត្ត។
មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ទំនងទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ តាបូរ ទើបបណ្តោយឲ្យឈ្មួញម្នាក់នេះដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចូលមកឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុក។
មានការរិះគន់ចំៗថា ប្រសិនបើលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មានឆន្ទៈពិតប្រាកដនោះគឺឈ្មួញឈ្មោះ តាបូរ មិនអាចដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចូលដល់ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានឡើយ។
ទន្ទឹមនឹងនេះមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលក្នុងស្រុកស្នួល បណ្តោយឲ្យឈ្មួញឈ្មោះ តាបូរ ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ប្រឈមនឹងសេចក្តីវិនាស ព្រោះឈ្មួញឈ្មោះ តាបូរ អាចដឹកជញ្ជូនឈើចេញពីតំបន់នោះចូលមករោងសិប្បកម្មរបស់ខ្លួនក្នុងភូមិរវៀង ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។