តាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ រស់នៅភូមិតាក្រាំង ឃុំតាសាល អ្នកញៀនល្បែងស៊ីសងខុសច្បាប់ បានឲ្យដឹងថាក្រោយពីភ្ជុំបិណ្ឌ រួចម្ចាស់សង្វៀនបញ្ជល់មាន់ និងអាប៉ោង ចាប់ដំណើរការឡើងវិញ យ៉ាងគគ្រឹកគគ្រេង មានមនុស្សចូលលេងជាច្រើននាក់ សុទ្ធសឹងអ្នកមានលុយ មានអំណាចនឹងមានឡានស៊េរីទំនើប ជាច្រើនគ្រឿង ចូលទៅលេង ដោយសេរី។
ជាពិសេស ម្ចាស់សង្វៀន បានអួតអាងប្រាប់ អ្នកញៀនល្បែងថា ខ្លួនបានរត់ការ ទៅអាជ្ញាធរមានសមត្ថកិច្ច ចាប់ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ រួចរាល់ហើយ ទីតាំងដែលពួកគេបើកលេងនោះ នៅចំណុចគីឡូលេខ ៥១ និង ៥៩ លេងចល័តក្នុងស្រុកឱរ៉ាល់ បីគោលដៅ ដើម្បីបំភ័ន្ត ភ្នែកអ្នកកាសែត ។
ដោយឡែក ម្ចាស់សង្វៀនជល់មាន់ ដែលគេអះអាងថា ជាមន្ត្រីយោធាតំបន់ភូមិភាគ ៣ មានសក្ក័ ៥ បច្ចុប្បន្ននេះមន្ត្រីជាយោធានៅភូមិភាគ ៣ នោះបានលក់កន្លែងសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ឱ្យទៅអ្នកមានម្នាក់ក្នុងតម្លៃមួយថ្ងៃ៤ លានរៀលទៅ ៦លានរៀល(គិតក្នុងមួយថ្ងៃ)។
ទោះប្បីជាប្រមុខរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន បានដាក់ចេញនូវបម្រាម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ ជាពិសេសជំងឺកូវីដ.១៩ បំលែងថ្មី(Delta)កាចសាហាវយ៉ាងណាក្តី ក្រុមអ្នកញៀនល្បែងស៊ីសង នៅតែប្រមូលផ្តុំគ្នាលេង យ៉ាងគគ្រឹកគគ្រេង មិនគោរព តាមគោលចរ ថ្នាកដឹកនាំឡេីយ។
លោកឧត្តមសេនីយ៍ត្រី គុង គឿង និងលោក វរសេនីយ៍ទោ ជឿន ថេន បើកឱ្យអ្នកញៀនល្បែងស៊ីសង ចូលលេងដោយសេរី មិនខ្លាចញញើតច្បាប់នោះទេ ទីតាំងបើកបនល្បែងស៊ីសងខុសច្បាប់ មិនមានសមត្ថកិច្ចបង្ក្រាប ពីព្រោះអ្នកទាំងពីនោះមានអំណាចនិងលុយ ចេះរត់ការ ជូនកញ្ចប់អោយថ្នាក់ក្រោម រហូតដល់ថ្នាក់លើ មិនឱ្យទាស់ចិត្តឡើយ។
សង្វៀនបញ្ជល់មាន់និងល្បែងស៊ីសង គ្រប់ប្រភេទ ស្ថិតក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ និងមួយទីតាំងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨ ទៅបង្គោលគីឡូម៉ែត្រលេខ៥៩ ស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្នុងចំការឬស្សី ដែលជាកន្លែងស្តុកឈើប្រណីត របស់មន្ត្រីមានអំណាច ក្នុងតំបន់ភូមិភាគ ៣ តែម្ដង ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ល្បែងស៊ីសង របស់មន្ត្រីយោធាទាំង២នាក់នេះ បើកដំណើរការដោយរលូន ប្រសិនបើសមត្ថកិច្ចជំនាញមកបង្ក្រាបម្ដងៗបង្ក្រាបបានតែទ្រុងមាន់និងមាន់តែប៉ុណ្ណោះប៉ុន្តែអ្នកញៀនល្បែងនិងអ្នកបើកល្បែងស៊ីសងរត់រួចពីសំណាញ់ច្បាប់រហូត ការបើកសង្វៀនបញ្ជល់មាន់នេះគឺចាប់លេង ពីថ្ងៃ ពុធ ព្រហស្បតិ៍ ដល់សុក្រ សៅរ៍ អាទិត្យ ស្ថិតនៅក្នុង ភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ ។
ចំពោះថ្ងៃអាទិត្យវិញ ល្បែងស៊ីសង គ្រប់ប្រភេទនេះ បានលើកទៅលេងក្នុង ចំការឬស្សី តាមបណ្តោយ ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨ទៅលេខ៥៩ ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលអ្នកញៀនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនេះ មកតាមបណ្តាខេត្តនានា និងមកពីរាជធានីភ្នំពេញក៏មានដែរ ជិះរថយន្តស៊េរីទំនើបៗ ហើយល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយ ចាប់ពី ២ម៉ឺនដុល្លារឡើងទៅរហូតដល់ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅមានល្បែងកន្ទុយលេខ ល្បែងយូគី និងល្បែងបៀរ អាប៉ោង ថែមទៀតផង។
ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិតាក្រាំង ឃុំតាសាល បានអំពាវនាវ ដល់លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង លោកសំ សាមួន ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ មេត្តា ចាត់មន្ត្រីក្រោមឱវាទ ចុះពិនិត្យ ម្ចាស់ទីតាំងពីនាក់ ១ឈ្មោះ គុង គឿង ២ឈ្មោះ ជឿន ថេន ស្តេចក្រាញ់ បេីកបនល្បែង ប្រជល់មាន់ និង អាប៉ោង នៅស្រុកឱរ៉ាល់ គ្មានអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ចចុះបង្ក្រាប ព្រោះសម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។