តាកែវ ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិទន្លេបាទី ឃុំជន្លង់ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលមួយនាក់ឈ្មោះ ដេត បានបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោង ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន នៅចំណុចចូលពីផ្លូវជាតិមួយគីឡូម៉ែត្រ ដល់រមណីយដ្ឋានទន្លេបាទីរួចបត់ឆ្វេងចូលតាមរបង ឯកឧត្តមសុខអានចម្ងាយ 3 គីឡូម៉ែត្រលេងនៅក្នុងព្រៃ។
ហេតុនេះហើយទើបប្រជាពលរដ្ឋ អំពាវនាវឲ្យលោក សុខសំណាង ស្នងការនគរបាលខេត្តតាកែវ និងលោក អ៊ូចភា អភិបាលខេត្តតាកែវ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្នុងភូមិទន្លេបាទី ឃុំជន្លង ស្រុកបាទី ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គម។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា វង់ល្បែងរបស់បុគ្គលឈ្មោះ ដេតនៅចំណុចចូល ពីថ្នល់ជាតិចម្ងាយមួយគីឡូម៉ែត្រដល់រមណីយដ្ឋានទន្លេបាទីរួចបត់ឆ្វេងចូលតាមរបងឯកឧត្តមសុខអានចម្ងាយ 3 គីឡូម៉ែត្រលេងនៅក្នុងព្រៃ ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។
បុគ្គលឈ្មោះ ដេត បានអួតអាងប្រាប់អតិថិជនរបស់ខ្លួនថា ពួកគេរត់ការបង់លុយរួចអស់ហើយ ដូច្នេះគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះទេ។ ជាការពិតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជន្លង់ និងអធិការនគរបាលស្រុកបាទី បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលតែម្តង។
ប្រភពខ្លះបង្ហើបឲ្យដឹងថា លោក អធិការនគរបាលស្រុកបាទី គិតតែរឿងផលប្រយោជន៍ ទើបល្បែងស៊ីសងកើតឡើងពេញបន្ទុក។
ប្រជាពលរដ្ឋបានកត់សម្គាល់ថា បច្ចុប្បន្នក្នុងមូលដ្ឋានភូមិទន្លេបាទីឃុំជន្លង់ស្រុកបាទី មានអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងធ្វើឲ្យភ័យខ្លាច ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
មហាជនបានសំណូមពរដល់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មិនគួរមើលរំលងភាពអសកម្ម របស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលក្នុងស្រុកបាទី នោះទេ៕