ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា កន្លងមកកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៦ ក្នុងឃុំជ្រោយបន្ទាយ ធ្លាប់ចាត់វិធានការបង្ក្រាបឈ្មួញដឹកជញ្ជូនឈើ ដែលមិនបង់លុយតាមការកំណត់ដើម្បីយកស្នាដៃបង្ហាញថ្នាក់លើ។
ចំណែកឈ្មួញធំៗដូចជាឈ្មួញឈ្មោះ ចែម៉ាប់ ដែលចេះបែងចែងផលប្រយោជន៍ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធអាចដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការបរិស្ថាន ស្នាក់ការរដ្ឋបាលព្រៃឈើនិងប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចច្រើនកន្លែងទៅដល់គោលដៅយ៉ាងស្រួលៗ។
ហេតុនេះលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ គួរពិនិត្យឡើងវិញខ្លះផងព្រោះឈ្មួញច្រើននាក់នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ទៅដល់គោលដៅយ៉ាងរលូន។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិអូរអង្គញ់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់មូលដ្ឋានពួកគាត់យ៉ាងគំហុក។
ប្រការនេះបានធ្វើឲ្យវិធានការរបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើក្លាយទៅជារឿងឥតន័យព្រោះបទល្មើសព្រៃឈើនៅតែកើតឡើងយ៉ាងពេញបន្ទុក។
ជាងនេះទៅទៀតលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ មិនខ្វល់ពីរឿងចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញជាច្រើននាក់ ជាពិសេសឈ្មួញឈ្មោះ ចែម៉ាប់ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ទៅដល់គោលដៅយ៉ាងរលូន។
ប្រជាពលរដ្ឋបានលើកឡើងថា មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចក្នុងស្រុកព្រែកប្រសព្វ មិនបង្ក្រាបឈ្មួញឈ្មួញឈ្មោះ ចែម៉ាប់ ដែលដឹកជញ្ជូនឈើចេញពីព្រៃឡង់តាមគោយន្តកាឡេថង និងរ៉ឺម៉កធំៗនោះឡើយ។
ផ្ទុយទៅវិញមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ មានតែជួយសម្រួលឲ្យឈ្មួញឈ្មោះ ចែម៉ាប់ និងឈ្មួញដទៃទៀតដឹកជញ្ជូនឈើទៅដល់គោលដៅ។