ប្រភពពីប្រជាពលរដ្ឋក្នុងឃុំឈើតុំ បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញឈ្មោះ កោះ សំភី ហៅ ហ៊ុ ហយ បន្តធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងពីតំបន់ភ្នំក្រវាញ ចូលមកភូមិបំណក់ ឃុំឈើតុំ យ៉ាងពេញបន្ទុក។
មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ហាក់ដូចជាញញើតនឹងឥទ្ធិពលមេឈ្មួញឈ្មោះ កោះ សំភី ហៅ ហ៊ុ ហយ ហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសព្រៃឈើតាមអំពើចិត្ត។ សូម្បីតែលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏មិនហ៊ានប៉ះពាល់មេឈ្មួញឈ្មោះ កោះ សំភី ហៅ ហ៊ុ ហយ នោះទេ។
ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន មេឈ្មួញឈ្មោះ កោះ សំភី ហៅ ហ៊ុ ហយ ដែលជាមន្ត្រីយោធាផងនោះ នៅតែប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងកក្រើកដដែល។
ប្រភពបានឲ្យដឹងទៀតថា មេឈ្មួញឈ្មោះ កោះ សំភី ហៅ ហ៊ុ ហយ ប្រើប្រាស់រថយន្តជាច្រើនគ្រឿងដើម្បីកាប់ឈើនិងដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចូលមកភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដោយគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។ សូម្បីតែលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក៏មិនហ៊ានប៉ះពាល់មេឈ្មួញឈ្មោះ កោះ សំភី ហៅ ហ៊ុ ហយ ដែលជាមន្ត្រីយោធាពាក់ផ្កាយនោះដែរ?។
ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ កោះ សំភី ហៅ ហ៊ុ ហយ បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទេនោះគឺឈ្មួញម្នាក់នេះមិនអាចកាប់ឈើអារច្រៀកឈើដឹកចេញពីព្រៃបានទេ។ ការដែលមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សម្រួលឲ្យមេឈ្មួញឈ្មោះ កោះ សំភី ហៅ ហ៊ុ ហយ បំផ្លាញព្រៃឈើយ៉ាងរលូនគឺមានការបើកដៃពីលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ផងដែរ។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរមើលរំលងភាពអសកម្មរបស់មន្ត្រីបរិស្ថាន នៅក្នុងខេត្តពោធិ៍សាត់ នោះទេ។