ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មានរថយន្តធុនធំ១គ្រឿងរបស់ឈ្មួញឈ្មោះ ចែរ៉ា ដឹកជញ្ជូនឈើហើយខូចកណ្តាលផ្លូវនៅចំណុចភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចុះទៅពិនិត្យនោះទេ។ ប្រភពបានឲ្យដឹងទៀតថា រថយន្តធុនធំរបស់ឈ្មួញឈ្មោះ ចែរ៉ា ផ្ទុកឈើប្រមាណ៣០ម៉ែត្រគូប ទើបខូចនៅកណ្តាលផ្លូវ ដោយឈើទាំងនោះដឹកចេញពីតំបន់ព្រៃព្រះរកា ក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា សកម្មភាពឈ្មួញដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា ឆ្លងកាត់មូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងរាលដាលព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបនោះទេ។
ជាពិសេសលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ មិនបង្ក្រាបក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនោះទេ។
ជាងនេះទៅទៀតលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនហើយមិនខ្វល់ពីការរិះគន់នោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកឆែប ខេត្តព្រះវិហារ ជាបន្ទាន់។
ដោយហេតុថា លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងមន្ត្រីជំនាញក្នុងខេត្តព្រះវិហារ មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើដែលនៅតែកើតឡើងពេញបន្ទុកនោះទេ។
ជាក់ស្តែងឈ្មួញឈ្មោះ ចែរ៉ា ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា ស្រុកឆែប យ៉ាងគឃ្លើនហើយលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ កំពុងរក្សាភាពស្ងៀមស្ងាត់។