ប្រភពស្និទ្ធនឹងលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា បើគ្មានកិច្ចសហការពីមេនគរបាលអន្តោប្រវេសន៍ច្រកជាំនិងមេគយច្រកជាំ ទេនោះគឺលោក សាប់ យឿន មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។
ជាក់ស្តែងឥឡូវនេះឈ្មួញត្រៀមនាំចេញធ្យូងទៅស្រុកសៀម រាប់ពាន់ការុង តាមច្រកទ្វារអន្តរជាតិជាំ ហើយបើគ្មានការបើកដៃពីសំណាក់លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ គឺឈ្មួញមិនអាចនាំចេញបានឡើយ។ ចំណែកលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានគំនរធ្យូងរាប់ពាន់ការុងត្រូវឈ្មួញដឹកជញ្ជូនមករក្សាទុកក្នុងទីតាំង១កន្លែងលើភ្នំដងរែក ដើម្បីត្រៀមនាំចេញទៅស្រុកសៀម តាមច្រកទ្វារអន្តរជាតិជាំ។ ប៉ុន្តែបើគ្មានការបើកដៃពីលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ និងលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកជាំ ទេនោះគឺឈ្មួញមិនអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀមបានទេ។ ទន្ទឹមនឹងនេះគឺមានការបើកដៃពីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិជាំ ផងដែរទើបឈ្មួញអាចនាំចេញធ្យូងព្រមទាំងផល អនុផលព្រៃឈើចេញទៅស្រុកសៀម យ៉ាងរលូន។
ប្រភពស្និទ្ធនឹងលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា កន្លងមកដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងសាលាខេត្តឧត្តរមានជ័យ ទើបលោក សាប់ យឿន ហ៊ានបើកបារ៉ាស់ឲ្យឈ្មួញនាំចេញធ្យូង វល្លិ៍ផ្តៅ ជ័រទឹកជ័រចុង ចេញទៅស្រុកសៀម តាមអំពើចិត្ត។
ហេតុនេះលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ គួរពិនិត្យឡើងវិញខ្លះផងព្រោះរឿងអាស្រូវនិងអំពើពុករលួយរបស់លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ ជារឿងមិនអាចបិទបាំងបានទេ។ ជាងនេះទៅទៀតសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយចៅហ្វាយនាយរបស់ពួកគេសម្ងំស្ងាត់ឈឹង។