តាមការបញ្ជាក់ពីមន្ត្រីនៅច្រកម៉ឺនជ័យ បានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនធ្យូងចេញពីចំណុចភូមិដំណាក់ចារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចូលស្រុកកំចាយមារ ខេត្តព្រៃវែង ហើយចេញទៅស្រុកយួនតាមច្រកម៉ឺនជ័យ យ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុង រថយន្តកែច្នៃ រថយន្តកូរ៉េ និងរ៉ឺម៉កធំៗ ដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រកម៉ឺនជ័យ ក្នុងមួយប់ៗពី៣០ទៅ៥០គ្រឿង។ ក្នុងនោះលោក អ៊ុ ប៉ូល័ក្ខ ប្រធានស្នាក់ការច្រកម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុនស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកម៉ឺនជ័យ ជាអ្នកទទួលខុសត្រូវធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។
ប្រភពពីមន្ត្រីនៅច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា រយៈពេល២សប្តាហ៍កន្លងទៅនេះឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រកនេះយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យទៀតថា បើគ្មានការបើកដៃពីលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុនស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកម៉ឺនជ័យ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកម៉ឺនជ័យ ទេនោះគឺឈ្មួញមិនអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនបានឡើយ។
ដូច្នេះលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង គួរពិនិត្យឡើងវិញខ្លះផង។
ប្រភពស្និទ្ធនឹងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុនស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកម៉ឺនជ័យ បានឲ្យដឹងថា ទាល់តែមានការបើកដៃពីលោក វ៉ាន់ ពិសិដ្ឋ និងលោក អ៊ុ ប៉ូល័ក្ខ ទើបឈ្មួញអាចសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនដោយគ្មានការទប់ស្កាត់។
ជាងនេះទៅទៀតនៅច្រកព្រំដែនទ្វេភាគីម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង ក៏មានឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុកផងដែរព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ដូច្នេះលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង មិនគួរបណ្តោយឲ្យលោក វ៉ាន់ ពិសិដ្ឋ និងលោក អ៊ុ ប៉ូល័ក្ខ ធ្វើអ្វីៗស្រេចតែអំពើចិត្ត។