តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ បានអោយដឹងថា ឈ្មួញឈ្មោះ ចែស្រី និងប្តី ធ្វេីសកម្មភាព រៀងរាល់ថ្ងៃ និងពេលព្រឹកព្រលឹម ឈ្មួញទាំង២នាក់នេះដឹកជញ្ជូនឈើឆ្លងកាត់ ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់ទាល់តែសោះឡេីយ។
ប្រភពបានឲ្យដឹងទៀតថា ទាល់តែមានការបើកដៃពីសំណាក់លោក ស៊ុ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងសមត្ថកិច្ចក្នុងស្រុករវៀងទើបឈ្មួញឈ្មោះ ចែស្រី និងប្តី មិនប្រឈមនឹងការបង្ក្រាប មិនតែប៉ុណ្ណោះឈ្មួញឈ្មោះ ចែស្រី និងប្តី បង្កើនសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ខ្លាំងក្លាជាងមុនទៅទៀតព្រោះមានការឃុបឃិតជាប្រព័ន្ធ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះឈ្មួញឈ្មោះ ចែស្រី និងប្តី បង្កើនសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ កាន់តែខ្លាំងក្លាជាងមុនទៅទៀត។
មន្ត្រីជំនាញនិងសមត្ថកិច្ចតាមប៉ុស្តិ៍ត្រួតពិនិត្យលើផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែស្រី និងប្តី នោះទេ។ ជាពិសេសលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បណ្តោយឲ្យឈ្មួញឈ្មោះ ចែស្រី និងប្តី ដឹកជញ្ជូនឈើយ៉ាងរលូន។
ប្រជាពលរដ្ឋក្នុងស្រុករវៀង បានឲ្យដឹងថា សកម្មភាពឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ចូលទៅខេត្តកំពង់ធំ ពុំមានការថយចុះនោះទេ បើទោះបីមានការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី និងស្រុកឆែប ក៏ដោយ។
ប្រជាពលរដ្ឋបានរិះគន់ចំៗថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននិងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួន ទើបបទល្មើសនៅតែកើតឡើងយ៉ាងពេញបន្ទុក។
ជាក់ស្តែងឥឡូវនេះឈ្មួញឈ្មោះ ចែស្រី និងប្តី និងឈ្មួញច្រើននាក់ទៀត នៅតែអាចធ្វើសកម្មភាព ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃគ្មានញញើតអ្វីទាំងអស់ ព្រោះឈ្មួញឈ្មោះចែ ស្រី បង់លុយទៅអោយប្រធានផ្នែកសង្កាត់ រដ្ឋបាលព្រៃឈើអស់ហេីយ ជាថ្នូរមិនបង្ក្រាប។