ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងបន្ទាយនោះមានបុគ្គលម្នាក់ឈ្មោះ បាន បើកល្បែងស៊ីសងខុសច្បាប់ដូចជាអាប៉ោងនិងបៀ តាមអំពើចិត្តហើយមានអ្នកចូលលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។
ប្រជាពលរដ្ឋ រស់នៅជិត បន្ទាយកងអន្តរាគមន៍សង្គ្រោះជើងទឹក ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានជំរុញឲ្យលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងបន្ទាយកងអន្តរាគមន៍សង្គ្រោះជើងទឹក ជាបន្ទាន់។
សេចក្តីរាយការពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ បាន គឺជាអ្នកបើកល្បែងស៊ីសងនៅក្នុងបន្ទាយកងអន្តរាគមន៍សង្គ្រោះជើងទឹក ច្រើនឆ្នាំមកហើយមិនដែលប្រឈមនឹងការបង្ក្រាបទាល់តែសោះ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា អ្នកចូលលេងល្បែងស៊ីសងក្នុងបន្ទាយនោះមានទាំងប្រជាពលរដ្ឋធម្មតា មានទាំងឈ្មួញ មន្ត្រីរាជការស៊ីវិល និងមន្ត្រីប្រដាប់អាវុធផងដែរ។ ក្នុងនោះមានមន្ត្រីប្រដាប់អាវុធមួយចំនួនជិះរថយន្តទំនើបពាក់ស្លាកលេខ ខ.ម និងស្លាកលេខ ន.ប ចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេងផងដែរ។
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ដោយសារល្បែងស៊ីសងដែលបុគ្គលឈ្មោះ បាន បើកលេងនៅក្នុងបន្ទាយកងអន្តរាគមន៍សង្គ្រោះជើងទឹក នោះហើយទើបបច្ចុប្បន្ននៅក្នុងក្រុងតាខ្មៅ កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។
ដូច្នេះលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ឲ្យបានឆាប់។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថាបុគ្គលឈ្មោះ បាន មានខ្នងបង្អែករឹងមាំទើបអាចបើកល្បែងស៊ីសងនៅក្នុងបន្ទាយកងអន្តរាគមន៍សង្គ្រោះជើងទឹក នៅក្រុងតាខ្មៅ ខេត្តកណ្តាល យ៉ាងសុខស្រួល៕