ប្រភពពីក្រុមឈ្មួញមួយចំនួនបានឲ្យដឹងថា ឈ្មួញឈ្មោះ ចែស្រី និងប្តីព្រមទាំងបក្ខពួក មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ស៊ុ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងទើបអាចចៀសផុតពីការបង្ក្រាបជារៀងរហូត។
ជាក់ស្តែងមួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ចែស្រី និងប្តីព្រមទាំងបក្ខពួក ប្រើប្រាស់រថយន្តសាំយ៉ុង ជាច្រើនគ្រឿងដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកានិងព្រៃឡង់ ខេត្តព្រះវិហារ យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់់ព័ន្ធណាប៉ះពាល់ឡើយ។
ជាពិសេសលោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ត្រូវបានគេដឹងថា កំពុងចាត់ទុកឈ្មួញឈ្មោះ ចែស្រី និងប្តីព្រមទាំងបក្ខពួក ជាប្រភពចំណូលរបស់ខ្លួនយ៉ាងកាក់កប។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលប៉ុន្មានយប់កន្លងទៅនេះឈ្មួញឈ្មោះ ចែស្រី និងប្តីព្រមទាំងបក្ខពួកធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ កាន់តែខ្លាំងក្លាជាងមុនទៅទៀត។
ប៉ុន្តែលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចែស្រី និងប្តីព្រមទាំងបក្ខពួក នោះទេ។
ជាងនេះទៅទៀតលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ។
បើតាមប្រភពខ្លះបានឲ្យដឹងថា មានមន្ត្រីធំៗនៅក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ ជាបង្អែកដ៏រឹងមាំរបស់ឈ្មួញឈ្មោះ ចែស្រី និងប្តីព្រមទាំងបក្ខពួក ទើបឈ្មួញរូបនេះប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញទំហឹងតែម្តង។
ដូច្នេះលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មមិនគួរមើលរំលងតទៅទៀតទេព្រោះលោក នួន សុខុម មេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពនោះទេ។