ភ្នំពេញ ÷ តាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពួកញៀនល្បែងមានដូចជា ប្រជល់មាន់ បៀរ អាប៉ោង បច្ចុប្បន្នកំពុងជ្រកក្រោមផ្លាកយីហោ ចំណតរថយន្ត ឥឡូវគេដោះផ្លាកយីហោ ចេញ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច និងអ្នកការសែត តែប៉ុណ្ណោះ ហើយលេងយ៉ាងពពាក់ពពូនគ្នា ត្រូវចាត់វិធានការ ចុះបង្ក្រាបជាបន្ទាន់។
មហាជនបានរិះគន់ចំៗ ទៅលើអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ជាអ្នកបើកភ្លើងខៀវ ក្រោមការគ្រប់គ្រងរបស់លោកឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ និងលោកម៉េង វិមាន ដារ៉ា អធិការនគរបាលខណ្ឌមានជ័យ ទើបម្ចាស់សង្វៀនមាន់ជល់ហ៊ានបិទ ហ៊ានបើក តាមអំពើចិត្ត ។
ជាក់ស្តែងប្រជាពលរដ្ឋ ដាក់ការសង្ស័យនិងងឿងឆ្ងល់ចំពោះលោក ម៉េង វិមានដារ៉ា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប្រហែលជាទទួលបានលាភសក្ការះ ពីម្ចាស់សង្វៀនជល់មាន់ ហើយមើលទៅ បានជារក្សាភាពស្ងៀមស្ងាត់ម្ល៉េះ មិនចាត់កម្លាំងក្រោមឱវាទចុះបង្ក្រាប ទុកអោយអ្នកញៀនល្បែង លេងដោយសេរី។
តើគោលនយោបាយ ភូមិឃុំមានសុវត្ថភាព នៅត្រង់ណា បើមានល្បែងជល់មាន់កើតមានក្នុងមូលដ្ឋាន របស់ខ្លួនមិនចុះបង្ក្រាបនោះ វាអាចកើតជាអំពើ ចោរលួច ចោរឆក់ ប្លន់ជាដើម និងគ្រឿងញៀនរីករាលដាល គូរអោយកត់សម្គាល់ទៀតផង។
ទោះបី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការបិទសាលារៀន Ktv មង្គលការ និងកម្មវិធី ផ្សេងៗ ហាមមិនអោយជួបជុំគ្នា ដើម្បីទប់ស្កាត់ ជំងឺកូវីដ១៩ និងជំងឺសាយភាយថ្មី បែរជាក្រុមអ្នកញៀនល្បែង ផ្គើននិងអានុសាស្ត្រ សម្តេចតេជោ ហ៊ុន សែន ទៅវិញ ឬ មួយម្ចាស់សង្វៀនជល់មាន់ បានសែនព្រេន ទៅសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋានទេដឹង ទើបបណ្តែតបណ្តោយ អោយលេងយ៉ាងសុខស្រួល ។
ប្រជាពលរដ្ឋ រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ បានអំពានាវ និងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាបញ្ជាកម្លាំង អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អោយចុះបង្ក្រាប វង់ល្បែងប្រជល់មាន់ និងប៉ោង ដើម្បីសុខសុវត្ថភាពជូនពលរដ្ឋ៕