ប្រភពពីមន្ត្រីគយនៅក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ បានក្លាយទៅជាបង្អែកដ៏រឹងមាំរបស់ក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចូលទៅរាជធានីភ្នំពេញ។
ជាក់ស្តែងចាប់តាំងពីលោក ឈួន ហៃ ទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះគឺលោក ឈួន ហៃ មិនដែលបង្ក្រាបក្រុមឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ទាល់តែសោះ។
ផ្ទុយទៅវិញលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ បានចាត់ទុកឈ្មួញទាំងនោះជាប្រភពចំណូលរបស់ខ្លួន ហើយសម្រាប់អាជីវករនិងឈ្មួញតូចតាចត្រូវបានលោក ឈួន ហៃ គាបយកលុយលើតុក្រោមតុតាមអំពើចិត្ត។
ប្រភពស្និទ្ធនឹងលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ឈួន ហៃ មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយ។
ជាក់ស្តែងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយ របស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
ដូច្នេះហើយទើបលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ កាន់តែមានឥទ្ធិពលខ្លាំងក្លាក្នុងការប្រព្រឹត្តអំពើពុករលួយ ហើយក្លាយទៅជាបង្អែកដ៏រឹងមាំរបស់ឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ។
បើតាមប្រភពពីក្រុមឈ្មួញនិងអាជីវករមួយចំនួនបានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញដែលបង់ពន្ធនាំចូលត្រឹមត្រូវក៏ដោយ ក៏ត្រូវបង់លុយលើតុក្រោមតុឲ្យមន្ត្រីគយខេត្តកំពង់ស្ពឺ ប្រចាំកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ មិនអាចរំលងបានទេ។
មន្ត្រីគយប្រចាំកុងត្រូលជជុះមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ ធ្វើអ្វីៗតាមបញ្ជារបស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ដែលល្បីល្បាញខាងពុករលួយ ហើយឈ្មួញនិងអាជីវករជួបការលំបាកកាន់តែខ្លាំង។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តោយឲ្យលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ធ្វើអ្វីតាមអំពើចិត្ត។