ព្រះវិហារ ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ឈ្មួញឈ្មោះ ឆាយ ម៉េងហុង ធ្វើសកម្មភាពដឹកជញ្ជូនឈើកែច្នៃរួច ចេញពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចូលមកស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង យ៉ាងរលូន។
ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញឈ្មោះ ឆាយ ម៉េងហុង បង់លុយតាមការកំណត់ របស់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទើបអាចចៀសផុតពីការបង្ក្រាបជារៀងរហូត។
ដូច្នេះលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយតទៅទៀតទេក្នុងខណៈដែលបទល្មើសព្រៃឈើ កើតឡើងយ៉ាងគំហុក នៅក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជាក់ស្តែង ប្រជាពលរដ្ឋ រស់នៅស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ឆាយ ម៉េងហុង នៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើកែច្នៃរួច និងឈើមិនទាន់កែច្នៃពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចូលស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ យ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកទាំង២នេះមិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ឆាយ ម៉េងហុង នោះទេ។
ហេតុនេះហើយទើបមាន សេចក្តីអំពាវនាវឲ្យលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ និងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងអនាធិបតេយ្យ។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ឆាយ ម៉េងហុង បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ និងលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ទេនោះគឺឈ្មួញម្នាក់នេះមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។
ប្រហែលជាមានការបើកដៃពីលោក ជៀល សុផល និងលោក គង់ សារ៉េត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ទើបឈ្មួញឈ្មោះ ឆាយ ម៉េងហុង អាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ចូលទៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង យ៉ាងសុខស្រួល។
សូម្បីតែនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលឈរជើងក្នុងខេត្តឧត្តរមានជ័យ ក៏មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ឆាយ ម៉េងហុង ដែលដឹកជញ្ជូនឈើខុសច្បាប់នោះដែរ។