ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ទឺ ប៊ុនឡេង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត របស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ដែលល្បីល្បាញខាងពុករលួយជាយូរមកហើយ។
ឥឡូវនេះរឿងអាស្រូវពុករលួយ របស់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោក ទឺ ប៊ុនឡេង ត្រូវបានលាតត្រដាងយ៉ាងក្រឡៅៗ ដូច្នេះលោក ម៉ម ប៊ុនហេង មិនគួរទុកឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមទំនើងចិត្តនោះទេ។
កន្លងមករឿងអាស្រូវពុករលួយ ច្រើនបែបច្រើនយ៉ាងរបស់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងមនុស្សជំនិតៗត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងសុខាភិបាល បែរជាសម្ងំស្ងាត់ឈឹង។
ជាពិសេសលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងបក្ខពួកនោះទេ។
ឥឡូវនេះរឿងអាស្រូវពុករលួយក្នុងមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានបុគ្គលិកស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ចូលក្របខ័ណ្ឌក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្តក្រចេះ លាតត្រដាងជាសាធារណៈព្រោះពួកគេត្រូវបង់លុយក្នុងម្នាក់ៗអស់ដល់ទៅ១០០០០ដុល្លារ រហូតដល់១៣០០០ដុល្លារ។
នៅក្នុងលិខិតអនាមិកចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បុគ្គលិកស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ចូលក្របខ័ណ្ឌតាមរយៈមន្ទីរសុខាភិបាលខេត្តក្រចេះ បានបើកកកាយច្បាស់ៗនូវរឿងអាស្រូវពុករលួយពេញទំហឹងរបស់លោក ទឺ ប៊ុនឡេង ហៅពេទ្យទូច ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ។
នៅក្នុងលិខិតនោះបានបញ្ជាក់ថា មន្ត្រីស្ម័គ្រចិត្តជាប់កិច្ចសន្យាប្រឆាំងកូវីដ-១៩ នៅខេត្តក្រចេះ មានចំនួន១២៩នាក់ ហើយក្នុងម្នាក់ៗត្រូវកំណត់ឲ្យបង់លុយ១០០០០ដុល្លារ ដល់១៣០០០ដុល្លារ ជាថ្នូរនឹងការបំពេញបែបបទដោយមិនបាច់ឆ្លងកាត់ការត្រួតពិនិត្យ។
បញ្ហានេះគឺជារឿងដែលលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរពិនិត្យឡើងវិញជាបន្ទាន់ដើម្បីកុំឲ្យលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តក្រចេះ ធ្វើអ្វីៗតាមអំពើចិត្តទៀត។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសុខាភិបាលខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា លោក ទឺ ប៊ុនឡេង ហៅពេទ្យទូច ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ តែងតែអួតអាងពីរឿងខ្លួនមានសែស្រឡាយធំ មានខ្នងបង្អែករឹងមាំចង់ដកឬដាក់នរណាក៏បានស្រេចតែចិត្ត៕