ប្រភពពី ប្រជាពលរដ្ឋ ក្នុងឃុំបឹងល្វា និងឃុំក្រយា ស្រុកសន្ទុក បានឲ្យដឹងថាបច្ចុប្បន្ន បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអង់តែន នៅតែកើតឡើងយ៉ាងពេញបន្ទុកព្រោះមានការបើកដៃពីមន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធ។
ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញខ្លះផង ព្រោះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបានសេចក្តីរាយការណ៍ខ្លះឲ្យដឹងថា ជាមេខ្លោងធំបំផុតនៅពីក្រោយបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ។
ជាងនេះទៅទៀតលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ក៏ល្បីល្បាញខាងធ្វើរបាយការណ៍ភូតភរថ្នាក់លើដើម្បីបិទបាំងបទល្មើសបំផ្លាញព្រៃឡង់និងព្រៃអង់តែន ដែលនៅតែកើតមានឡើងពេញបន្ទុកនោះដែរ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនៅតែអាចកាប់ឈើដឹកជញ្ជូនចេញពីតំបន់ព្រៃអង់តែន ស្រុកសន្ទុកនិងតំបន់ព្រៃឡង់ស្រុកសណ្តាន់ យ៉ាងគំហុក។
ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ទេនោះគឺមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃអង់តែន និងប្រចាំតំបន់ព្រៃឡង់ មិនហ៊ានបើកដៃឲ្យឈ្មួញបំផ្លាញព្រៃឈើយ៉ាងមហន្តរាយឡើយ។
ហេតុនេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនគួរជឿលើរបាយការណ៍ភូតភររបស់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងក្រុមមន្ត្រីក្រោមឱវាទនោះទេ។
ថ្មីៗនេះសមត្ថកិច្ចចម្រុះបានរកឃើញគំនរឈើជាច្រើនម៉ែត្រគូប នៅក្នុងភូមិសាស្ត្រជិតស្នាក់ការបរិស្ថានអូរផ្អាវ ឃុំសុចិត្រ ដែលមានលោក ទី ខេង ជាប្រធានស្នាក់ការ ហើយសមត្ថកិច្ចចម្រុះមិនបានបង្ហាញអត្តសញ្ញាណម្ចាស់ឈើនោះទេ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំសុចិត្រ បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ទី ខេង ប្រធានស្នាក់ការបរិស្ថានអូរផ្អាវ ទេនោះគឺគ្មាននរណាអាចចូលកាប់ឈើក្នុងព្រៃឡង់ឃុំសុចិត្រ បានឡើយ។
ប្រភពខ្លះបានឲ្យដឹងថា ទាល់តែមានការបើកដៃពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ទើបលោក ទី ខេង ប្រធានស្នាកការបរិស្ថានអូរផ្អាវ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។